ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនឆ្លាស់វេនកងកម្លាំងដែលកំពុងឈរជើងនៅហុងកុង ចំពេលក្រុមបាតុករមានគម្រោងនឹងធ្វើការតវ៉ាជាថ្មីទៀត

    BY autoadmin August 29, 2019
    ចិនឆ្លាស់វេនកងកម្លាំងដែលកំពុងឈរជើងនៅហុងកុង ចំពេលក្រុមបាតុករមានគម្រោងនឹងធ្វើការតវ៉ាជាថ្មីទៀត

    ប្រទេសចិនបានឆ្លាស់វេនកងទ័ពរបស់ខ្លួន នៅឯយោធភូមិភាគកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងទីក្រុងហុងកុង នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា នេះ។ វាគឺប៉ុន្មានថ្ងៃមុនពេលក្រុមអ្នកតវ៉ាគ្រោងនឹងធ្វើការដង្ហែក្បួន និងប្រមូលផ្តុំគ្នាជាថ្មី ដើម្បីអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ សម្រាប់ទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បន្ទាប់ពីរយៈពេល ៣ខែ នៃការតវ៉ាកាន់តែអូសបន្លាយ និងពេលខ្លះមានទាំងអំពើហិង្សារវ៉ាងក្រុមបាតុករ និងប៉ូលីសបង្ក្រាប។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានពិពណ៌នាអំពីចលនាកងទ័ពរបស់ខ្លួនថាគ្រាន់តែជាទម្លាប់ ប៉ុន្តែទោះបីជាវាគ្រាន់តែជាទម្លាប់ក៏ដោយ ក្នុងពេលវេលាបែបនេះ ទំនងជានឹងធ្វើឱ្យមានសម្ពាធក្នុងតំបន់រដ្ឋបាលពិសេស ដែលទីក្រុងនេះត្រូវបានអង់គ្លេសប្រគល់ត្រឡប់មកចិនវិញក្នុង ឆ្នាំ១៩៩៧ ។

    ប្រទេសចិនក៏បានថ្កោលទោសការតវ៉ានេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថា បានជ្រៀតជ្រែកកិច្ចការរបស់ខ្លួននៅហុងកុង។ ពួកគេបានបញ្ជូនការព្រមានយ៉ាងច្បាស់ថា ការធ្វើអន្តរាគមន៍ដោយបង្ខំនឹងអាចធ្វើទៅបាន។ ទីក្រុងប៉េកាំងក៏បានព្រមានម្តងទៀតកាលពីថ្ងៃអង្គារ ប្រឆាំងនឹងរដ្ឋាភិបាលបរទេសដែលជ្រៀតជ្រែកក្នុងការតវ៉ានៅហុងកុង បន្ទាប់ពីកិច្ចប្រជុំកំពូល G7 របស់មេដឹកនាំនៃប្រទេសឧស្សាហកម្មទាំង ៧ បានអំពាវនាវឱ្យជៀសវាងអំពើហិង្សាណាមួយ៕

    អត្ថបទ៖ លីដា

    Share This Post: