ថៃកាត់ទោសប្រហារជីវិតបុរសជនជាតិមីយ៉ាន់ម៉ាពីរនាក់ ក្រោយបានរំលោភ និងសម្លាប់ភ្ញៀវទេសចរណ៍
ថៃ៖ តុលាការកំពូលរបស់ថៃទីបំផុតទៅបានសម្រេចកាត់ទោសប្រហារជីវិតបុរសមីយ៉ាន់ម៉ាពីរនាក់ពីបទបានរំលោភ និងសម្លាប់ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសពីររូប ដែលបានមកកំសាន្តនៅលើកោះ Koh Tao របស់ថៃ។ សូមរម្លឹកជូនថា ករណីឃាតកម្មនេះបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ ២០១៤ មកម្ល៉េះ ដែលក្នុងហេតុការណ៍នោះបង្កឡើងដោយបុរសមីយ៉ាន់ម៉ាពីរនាក់ ដែលបានមកធ្វើជាកម្មករនៅលើកោះ Koh Tao ប្រទេសថៃក្នុងនោះម្នាក់មានឈ្មោះថា Wai Phyo និងម្នាក់ទៀតមានឈ្មោះថា Zaw Lin។ ចំពោះជនរងគ្រោះវិញគឺជាភ្ញៀវទេសចរណ៍អង់គ្លេសពីរនាក់ ម្នាក់ជាបុរសមានឈ្មោះថា David Miller និងម្នាក់ទៀតជាស្រ្តីមានឈ្មោះថា Hannah Witheridge ហើយពួកគេជាគូស្នេហ៍នឹងគ្នា។
ក្រោយកើតហេតុជនល្មើលសញ្ជាតិមីយ៉ាន់ម៉ាពីររូបខាងលើត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។ យ៉ាងណាក្តី ការកាត់ក្តីនៅតុលាការដំបូង និងឧទ្ធរណ៍របស់ថៃ មេធាវីរបស់ជនជាប់ចោទទាំងពីរនាក់បានការពារពួកគេបានយ៉ាងល្អ ដែលធ្វើឲ្យទម្ងន់ទោសរបស់ពួកគេហាក់មិនសូវធ្ងន់ធ្ងរឡើយ។ ក្រោយមករឿងក្តីមួយនេះក៏បានបន្តទៅដល់តុលាការកំពូល ហើយទីបំផុតតុលាការកំពូលបានសម្រេចចោទប្រកាន់ពួកគេថា បានវាយសម្លាប់បុរសជាភ្ញៀវទេសចរណ៍អង់គ្លេស បន្ទាប់មកទៀតពួកគេបានរំលោភ និងសម្លាប់ស្រ្តីទេសចរណ៍អង់គ្លេសម្នាក់ទៀតផងដែរ។ តាមទំហំបទល្មើសនេះ ពួកគេត្រូវកាត់ទោសប្រហារជីវិតតែម្តង។ សូមបញ្ជាក់ជូនថា កោះ Koh Tao មានករណីឃាតកម្មលើភ្ញៀវទេសចរណ៍បរទេសជាច្រើន រហូតកោះមួយនេះត្រូវបានគេហៅថា “កោះមរណៈ” ផងដែរ៕

អត្ថបទ៖ ភក្តី

