បុរសម្នាក់សុខចិត្តរៀបការជាមួយនឹងសាកសពគូដណ្តឹង ក្រោយខាងស្រីជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់មុនថ្ងៃរៀបការ
រៀតណាម៖ បុរសកំសត់ស្នេហ៍ម្នាក់បានសម្រេចចិត្តរៀបការជាមួយនឹងសាកសពគូដណ្ដឹងខ្លួន បន្ទាប់ពីនាងបានស្លាប់យ៉ាងអាណោចអាធ័មមួយខែមុនថ្ងៃរៀបការ។ រឿងដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងក្រុងហូជីមិញប្រទេសវៀតណាម ខណៈបុរសអភ័ព្វស្នេហ៍មានឈ្មោះថា Dang Thien An អាយុ ២៥ ឆ្នាំស្មើគ្នានឹងស្រ្តីរងគ្រោះដែរ ហើយពួកគេបានទៅធ្វើការងារនៅប្រទេសជប៉ុនដូចគ្នា និងបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ។
តាមគម្រោងពួកគេនឹងត្រូវរៀបការនៅថ្ងៃទី ២៩ ខែកញ្ញាខាងមុខនេះ ហើយដើម្បីរៀបចំពិធីរៀបការស្ត្រីរងគ្រោះបានត្រលប់មកប្រទេសវៀតណាមមុន ដោយទុកឲ្យលោក Dang Thien An នៅបន្តធ្វើការនៅជប៉ុនសិន។ យ៉ាងណាក្តី ក្រោយត្រលប់មកដល់ប្រទេសវៀតណាមបានប៉ុន្មានថ្ងៃពោលគឺនៅថ្ងៃទី ២៥ ខែសីហា ស្រ្តីរងគ្រោះបានជិះម៉ូតូចេញក្រៅ ហើយក៏មានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗនៅលើដងផ្លូវតែម្តង។
ក្រោយមានគ្រោះថ្នាក់ គេបានថត live វីដេអូតាមបណ្តាញសង្គម Facebook ដើម្បីស្វែងរកគ្រួសារជនរងគ្រោះ ហើយលោក Dang Thien An ដែលនៅប្រទេសជប៉ុននោះក៏បានឃើញហេតុការណ៍នេះដែរ ហើយគាត់ក៏សម្រេចត្រលប់មកវៀតណាមភ្លាមផងដែរ។ មុនមកដល់វៀតណាម គាត់បានប្រកាសតាមបណ្តាញសង្គមថា ពិធីរៀបការរបស់គាត់នឹងប្តូរពីថ្ងៃទី ២៩ ខែកញ្ញា មករៀបការនៅយប់ថ្ងៃនេះវិញ ពោលគឺជាថ្ងៃដែលគាត់មកដល់វៀតណាមនៅម៉ោងប្រមាណជា ១០ យប់។
ពេលគាត់បានមកដល់ផ្ទះសព គាត់បានយកផ្កា ខ្សែក និងចិញ្ចៀនរៀបការទៅដាក់មុខសាកសព និងច្រៀងចំរៀង ដែលគាត់គ្រោងនឹងច្រៀងក្នុងថ្ងៃរៀបការមួយបទផងដែរ ហើយគាត់បាននិយាយថា៖ “ថ្ងៃដែលយើងរង់ចាំបានមកដល់ហើយ ពិធីរៀបការរបស់យើងក៏បានកើតមានហើយ តែមានរឿងមួយដែលបងស្តាយបំផុតគឺមិនបានកាន់ដៃអូនដើរចូលក្នុងកម្មវិធីដោយផ្ទាល់”។ ទាំងក្រុមគ្រួសារ និងអ្នកដែលបានទៅកម្មវិធីបុណ្យបានរំជួលចិត្តស្រែកយំគ្រប់គ្នា ដោយពួកគេអាណិតជនរងគ្រោះផង និងអាណិតលោក Dang Thien An ជាពន់ពេកផងដែរ។ បើប្រិយមិត្តស្ថិតនៅក្នុងហេតុការណ៍នេះផ្ទាល់ តើប្រិយមិត្តមានអារម្មណ៍ក្តុកក្តួលយ៉ាងដូចម្តេចដែរ?

អត្ថបទ៖ ភក្តី






