តើលោកស្រី Ri Sol-ju ភរិយាលោក Kim Jong-un ជានរណា?
ក្នុងជំនួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងទីក្រុងប៉េងកាំងប្រទេសចិន គេសង្កេតឃើញថា ប្រមុខដឹកនាំកូរ៉េខាងជើង Kim Jong-un ក៏បាននាំភរិយារបស់គាត់ គឺលោកស្រី Ri Sol-ju ទៅជាមួយដែរ។ វត្តមានរបស់លោកស្រី Ri Sol-ju បានធ្វើឲ្យក្រុមអ្នកសារព័ត៌មានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះកន្លងមកគេមិនសូវបានស្គាល់ពីជីវប្រវត្តិរបស់គាត់ និងបានឃើញគាត់ក្នុងជំនួបផ្លូវការធំៗដូចនេះទេ ហើយសូម្បីតែអាយុពិតរបស់គាត់ក៏គេមិនបានដឹងដែរ។ តើលោកស្រី Ri Sol-ju ជាអ្នកណា? មានប្រភពមកពីណា?
បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា អ្វីដែលគេអាចដឹងពីគាត់គឺ លោកស្រី Ri Sol-ju ទំនងជាបានកើតនៅចន្លោះឆ្នាំ ១៩៨៥ ទៅ ១៩៨៩ ហើយរូបគាត់ជាអតីតអ្នកចម្រៀង និងជាគណៈប្រតិភូរបស់ក្រុមកីឡាករជម្រើសជាតិរបស់កូរ៉េខាងជើងផងដែរ។ ឈ្មោះដែលគាត់ប្រើប្រាស់រាល់ថ្ងៃមិនមែនជាឈ្មោះពីកំណើតរបស់គាត់នោះទេ តែវាជាឈ្មោះដែលទើបនឹងដាក់ថ្មីពេលគាត់រៀបការជាមួយនឹងលោក Kim Jong-un។
ប្រភពខ្លះបានឲ្យដឹងថា លោក Kim Jong-un បានផ្តើមស្រលាញ់ប្រពន្ធរបស់គាត់នៅពេល ដែលគាត់ទៅច្រៀងក្នុងកម្មវិធីមួយកាលពីជំនាន់លោក Kim Jong-il នៅរស់ម្លេះ។ លោកស្រី Ri Sol-ju ជាសាច់ញាតិរបស់អតីតមេបញ្ជាការកងទ័ពជើងអាកាសម្នាក់គឺលោក Ri Pyong-chol។ ព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺថា មុនពេលបានរៀបការជាមួយលោក Kim Jong-un លោកស្រី Ri Sol-ju ត្រូវបានគេបញ្ចូនទៅរៀននៅសាលកវិទ្យាល័យ Kim Il-sung University រយៈពេល៦ខែសិន គឺរៀនពីរបៀបធ្វើជាលោកស្រីជំទាវទីមួយរបស់កូរ៉េខាងជើង៕
ប្រភព៖ dailymail








