ហួសចិត្ត ! សុំម្តាយទិញទូរស័ព្ទថ្មីមិនបាន បុរសវ័យ៣០ឆ្នាំរត់ទៅលោតទឹកសម្លាប់ខ្លួន
ប្រទេសចិន ៖ ធ្លាប់តែលឺក្មេងជំទង់ៗនៅក្មេងមិនទាន់ចេះគិតរាក់ជ្រៅ ខឹងទារឪពុកម្តាយទិញរបស់ដែលខ្លួនចង់បានមិនបាន គំរាមសម្លាប់ខ្លួន តែនេះអាយុ៣០ជាងហើយនៅធ្វើបែបនេះទៀត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ បុរសវ័យ៣០ឆ្នាំម្នាក់ទារម្តាយទិញទូរស័ព្ទថ្មីត្រូវម្តាយបដិសេធព្រោះគ្មានប្រាក់ បែរជារត់ទៅលោតទឹកសម្លាប់ខ្លួនសំណាងល្អប៉ូលិសជួយទាន់។
រឿងរ៉ាវហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែមីនា នៅក្នុងទីក្រុង San town ស្រុក Tongren Guizhou ប្រទេសចិន។ មានអ្នកប្រទះឃើញបុរសម្នាក់ដើរចូលក្នុងទន្លេ ក៏រាយការណ៍ទៅប្រាប់ប៉ូលិសក្នុងតំបន់ ប៉ូលិសក៏បានមកធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ក្រោយពីប៉ូលិសបានជួយសង្រ្គោះបុរសម្នាក់នោះក៏បានព្យាយាមរត់ទៅលោតក្នុងទន្លេនេះម្តងទៀតតែប៉ូលិសគ្រប់គ្រងទាន់។ តាមរយៈសម្តីរបស់ម្តាយបុរសវ័យ៣០ឆ្នាំនេះបានប្រាប់អោយដឹងថា កូនប្រុសខ្លួនបានព្យាយាមសុំអោយគាត់ទិញទូរស័ព្ទថ្មីអោយក្រោយពីទូរស័ព្ទរបស់គេខូច តែត្រូវគាត់បដិសេធព្រោះគាត់មិនមានប្រាក់នោះទេ។ ដោយសារតែមិនពេញចិត្តនឹងការបដិសេធរបស់គាត់ គេក៏បានរត់ចូលទៅក្នុងទន្លេបំណងចង់បញ្ចប់ជីវិតរបស់ខ្លួនឯងតែម្តង។
ប្រភពដដែលបានបង្ហាញថាបុរសវ័យ៣០ឆ្នាំនេះជាមនុស្សអត់ការងារធ្វើ គេរស់នៅក្រោមការចិញ្ចឹមរបស់ឪពុកម្តាយ គេតែងសុំប្រាក់ពីឪពុកយកទៅចាយវាយជារឿយៗ។ អ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើ ទង្វើររបស់បុរសម្នាក់នេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ sanook