អាជ្ញាធរខណ្ឌសែនសុខ បង្ហាញមុខក្រុមចោរប្លន់យ៉ាងសកម្ម និងអ្នកទិញផលចោរកម្មសរុបចំនួន១២នាក់
រាជធានីភ្នំពេញ៖ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងកាត់បន្ថយនូវបទល្មើសផ្សេងៗក្នុងមូលដ្ឋានខណ្ឌ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងមានវត្តមានអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៌ទោ មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានធ្វើសន្និសិទ្ធសារព័ត៌មានបង្ហាញមុខក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្មសរុបចំនួន១២នាក់ ដែលធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា នៅអធិកានគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងចំណោមជនល្មើសទាំង១២នាក់ គឺជនស្មើសចំនួន ១០នាក់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលចោមចៅ ដែលពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចមុខខាងហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ដោយឡែកជនល្មើសចំនួន០២នាក់ទៀត ជាក្រុមទិញផលចោរកម្ម ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង០០នាទី បន្ទាប់ពីបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច៕

ប្រភព៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ




