អគ្គិភ័យឆេះទូកអ្នកមុជទឹកមួយនៅអាមេរិក បានសម្លាប់មនុស្ស ៨នាក់ និង ២៦នាក់ផ្សេងទៀតបាត់ខ្លួន
ប៉ូលីសក្នុងតំបន់ម្នាក់បាននិយាយថា មានមនុស្ស ៨នាក់ ត្រូវបានគេអះអាងថាបានស្លាប់ និង ២៦នាក់ ផ្សេងទៀតបានបាត់ខ្លួន ដោយសារអគ្គិភ័យនៅលើទូកអ្នកមុជទឹកមួយ នៅឯលើកោះភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ឆ្មាំសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អគ្គិភ័យបានឆាបឆេះនៅលើទូកឈ្មោះថា «Conception» ដែលជាទូកមានប្រវែង ៧៥ហ្វីត (២៣ម៉ែត្រ) នៅម៉ោងប្រហែល ៣ និង ១៥នាទីទៀបភ្លឺ ខណៈពេលដែលវាត្រូវបានគេជិះចេញពីឆ្នេរនៃកោះ Santa Cruz ។

ក្រុមមន្រ្តីបាននិយាយថា ឆ្មាំសមុទ្របានឆែកឆេរឆ្នេរសមុទ្រនៃកោះ Santa Cruz ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតផ្សេងទៀត ប៉ុន្តែមិនបានរកឃើញនរណាម្នាក់ឡើយ។ ប្រធានក្រុមឆ្មាំសមុទ្រអ្នកស្រី Monica Rochester ក៏បានប្រាប់ទៅអ្នកកាសែតថា ពួកគាត់បានព្យាយាមស្វែងរកមនុស្សដែលនៅរស់រានហើយ ប៉ុន្តែរកមិនឃើញនោះទេពេញមួយយប់ដល់ព្រឹកនេះ ដូច្នេះពួកគេមានតែត្រៀមខ្លួនទទួលយកនូវព័ត៌មានអាក្រក់តែប៉ុណ្ណោះ៕


អត្ថបទ៖ លីដា