យុវជនម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយមិនញ៉ាំបន្លែ និងផ្លែឈើសោះអស់រយៈពេល ១០ ឆ្នាំ ដោយញ៉ាំតែអាហារ fast food
ដើម្បីទទួលបានសុខភាពរាងកាយល្អប្រសើរ និងមាំមួន លោកអ្នកត្រូវញ៉ាំអាហារមានជីវជាតិ និងវីតាមីនគ្រប់គ្រាន់ ដែលមាននៅក្នុងប្រភេទអាហារផ្សេងៗគ្នាជាច្រើនមុខ។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយលោកអ្នកមិនទទួលបានវីតាមីនណាមួយគ្រប់គ្រាន់នោះទេ វានឹងបង្កឲ្យលោកអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ឬដល់ពិការទៀតផង។ តួយ៉ាង យុវជនវ័យ ១៩ ឆ្នាំម្នាក់ត្រូវពិការភ្នែកទាំងស្រុង ក្រោយពីរូបគេមិនបានញ៉ាំបន្ថែ និងផ្លែឈើអស់រយៈពេល ១០ ឆ្នាំ និងធ្វើឲ្យរាងកាយគេត្រូវខ្វះវីតាមីន B12, វីតាមីន D និងសារជាតិសំខាន់ជាច្រើនសម្រាប់ជំនួយដល់ភ្នែក។
យុវជនរងគ្រោះរស់នៅក្នុងក្រុង Bristol ប្រទេសអង់គ្លេស ហើយរូបគេជាមនុស្សម្នាក់ ដែលចូលចិត្តញ៉ាំតែអាហារ Fast-food ដូចជាប៊ឺហ្គឺ ដំឡូងចៀន សាច់ក្រក សាំងវិច ឬភីហ្សាជារៀងរាល់ថ្ងៃ ហើយ ១០ ឆ្នាំ ចុងក្រោយនេះគេមិនដែលញ៉ាំបន្ថែ និងផ្លែឈើទាល់តែសោះ។ តាមរបាយការណ៍សុខភាពរបស់យុវជនរូបនេះបានបង្ហាញថា កាលពីរូបគេមានអាយុ ១៤ ឆ្នាំរូបគេបានទៅមន្ទីរពេទ្យភ្នែកម្តង អាយុ ១៥ ឆ្នាំ និងអាយុ ១៧ ឆ្នាំទៅម្តងទៀត ហើយការពិនិត្យទាំងនោះ គ្រាប់តែបង្ហាញថា រូបគេមានបញ្ហាខ្សោយភ្នែកមើលមិនសូវច្បាប់ ឬអាចជាជំងឺមីញ៉ូម។
យ៉ាងណាក្តី ពេលនេះភ្នែករបស់គេមើលអ្វីលែងឃើញទាំងស្រុងតែម្តង ហើយវេជ្ជបណ្ឌិតជំនាញបានប្រាប់ថា រាងកាយរបស់គេខ្វះវីតាមីន B12, វីតាមីន D និងសារជាតិសំខាន់ជាច្រើនសម្រាប់ជំនួយដល់ភ្នែក ទើបធ្វើឲ្យភ្នែករបស់គេត្រូវខ្សោះសារធាតុចិញ្ចឹម និងត្រូវពិការទាំងស្រុងតែម្តង។ រហូតមកទល់នឹងពេលនេះវេជ្ជបណ្ឌិតជំនាញមិនទាន់រកឃើញវិធីជួយសង្គ្រោះគេឡើយ ព្រោះនេះជាករណីកម្របំផុត និងមិនធ្លាប់កើតមានពីមុនមកទោះទេ៕

អត្ថបទ៖ ភក្តី
