អ្នកលេងហ្វេសបុកឆ្ងល់ថា ករណីគំរាមសម្លាប់ដូចគ្នាមានភស្តុតាងដូចគ្នា តែយុវជន ២នាក់ថតវិដេអូកាន់ដាវត្រូវសមត្ថកិច្ចចាប់វាយខ្នោះចាត់វិធានការតាមផ្លូវច្បាប់ ចំណែកករណីលោកអធិការរង ត្រឹមផ្អាកការងារបណ្តោះអាសន្ន?
ខេត្តកោះកុងកាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧.៥០ នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ២ នាក់ ភេទប្រុស បានថតវិដេអូកាន់ដាវ និយាយគំរាមសម្លាប់នៅក្នុងហ្វេសបុក នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ។

សមត្ថកិច្ចបានឃាត់ពីបទ គម្រាមសម្លាប់អ្នកដទៃ តាមរយ:ទូរស័ព្ទដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ករណីនេះ កម្លាំងជំនាញបានសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។


ចំពោះករណីគំរាមសម្លាប់ដូចគ្នាវិញលោក ចាន់ ពៅ អធិការរង ដែលបានផ្ញើសារសម្លេងគំរាមសម្លាប់លោក លី រ៉ូហ្សាត នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ស្នងការនគរបាលរាជធានីបានដាក់ពិន័យលោក ចាន់ ពៅ អធិការរងខណ្ឌឬស្សីកែវ បានសម្រេចដាក់វិន័យជាលេីកទីមួយដល់លោកអធិការរងដែលមានកំហុស ដោយការផ្អាកការងារបណ្តោះអាសន្នអោយមកបង្ហាញខ្លួនជាប្រចាំនៅការិយាល័យបុគ្គលិកជារៀងរាល់ម៉ោងការងារ។ ជាជំហានបន្ទាប់ បេីនៅតែប្រព្រឹត្តិកំហុសទៀត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តចាត់ការតាមនិតិវិធីច្បាប់។ ករណីនេះធ្វើឲ្យមហាជនចោទសួរថា ហេតុអ្វីបានគំរាមសម្លាប់ដូចគ្នា តែករណីនៅកោះកុងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ហើយ ករណីលោកអធិការរងបានត្រឹមទទួលវិន័យ?
យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ២៣៣ដែលរដ្ឋសភាបានអនុម័តកាលពីខែតុលា ឆ្នាំ២០០៩ ការគំរាមកំហែងសម្លាប់ វាគឺជាការគំរាមកំហែងថានឹងសម្លាប់។ កាលបើការគំរាមកំហែងនេះ ធ្វើឡើងម្តងហើយម្តងទៀត ឬសម្តែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ខែ ទៅ ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០,០០០(មួយលាន)រៀល ទៅ ៤,០០០,០០០ (បួនលាន) រៀល។ ក្នុងន័យនេះ បុគ្គលទាំងឡាយណា ដែលបានគំរាមកំហែងគ្រប់រូបភាពថា នឹងសម្លាប់បុគ្គលណាម្នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាដាច់ខាត៕







