Vietnam Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅវៀតណាម ដែលទទួលបានអាជ្ញាប័ណ្ណហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក
យោងតាមអាកាសចរណ៍ជាតិវៀតណាមបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមគឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេស ដែលទទួលបានអាជ្ញាប័ណ្ណហោះហើរដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក។ ការយល់ព្រមនេះគឺជាកិច្ចប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ដែលក្រុមហ៊ុនដឹកអ្នកដំណើរតាមអាកាសរបស់វៀតណាមមួយនេះ ចង់ទាញយកទីផ្សារដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសក្នុងចំណោមប្រជាជនវណ្ណៈកណ្តាល ដែលកំពុងរីកចម្រើនរបស់ប្រទេសវៀតណាម។

ការធ្វើដំណើរតាមផ្លូវអាកាសក្នុងស្រុក និងក្នុងតំបន់បានរីកដុះដាលក្នុងចំណោមអ្នកទេសចរវៀតណាម ហើយក្រុមហ៊ុនអាកាសចរណ៍នានាសង្ឃឹមថា ទីផ្សារនឹងពង្រីកដល់ការធ្វើដំណើរទៅអាមេរិកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានទទួលការអនុញ្ញាតឱ្យហោះហើរពីទីក្រុងហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងទីក្រុងហូជីមិញ ទៅកាន់ទីក្រុងឡូសអាន់ជឺឡេស, សាន់ហ្វ្រាន់ស៊ីស្កូ, ញូវយ៉ក, ស៊ីថល និងដាឡាស។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏នឹងអាចភ្ជាប់ទៅកាន់ទីក្រុង Vancouver, Montreal និង Toronto ក្នុងប្រទេសកាណាដាផងដែរ៕

អត្ថបទ៖ លីដា