ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផឹកកាហ្វេ ៦ពែង ឬច្រើនជាងនេះ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់

    BY autoadmin September 6, 2019
    ផឹកកាហ្វេ ៦ពែង ឬច្រើនជាងនេះ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់

    តាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា ការផឹកកាហ្វេ ៦ពែង ឬច្រើនជាងនេះ ក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងថង់ទឹកប្រមាត់។ បើយោងតាមការសិក្សាដែលធ្វើឡើងដោយក្រុមស្រាវជ្រាវ មកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Copenhagen ក្នុងប្រទេសដាណឺម៉ាកបានឱ្យដឹងថា ទទួលទានកាហ្វេបានកាត់បន្ថយឱកាសនៃការឈឺចាប់ ២៣% បើធៀបនឹងអ្នកដែលមិនផឹកកាហ្វេទាល់តែសោះ។ ក្នុងការសិក្សានេះអ្នកស្រាវជ្រាវបានវិភាគទិន្នន័យសុខភាព និងរបៀបរស់នៅ ក្នុងចំណោមមនុស្សពេញវ័យចំនួន ១០៤,៥០០នាក់ ដែលត្រូវបានតាមដានអស់រយៈពេល ១៣ឆ្នាំកន្លងមក។

    នៅក្នុងការសិក្សាអ្នកស្រាវជ្រាវបានប្រៀបធៀបរវាងអ្នកចូលរួមដែលផឹក និងមិនផឹកកាហ្វេ ថាតើពួកគេធ្លាប់ទទួលរងពីជំងឺគ្រួសក្នុងប្រមាត់ (GSD) ដែរ ឬទេ? ជាលទ្ធផលពួកគេរកឃើញថា ការផឹកតែមួយពែង/ថ្ងៃ អាចបន្ថយហានិភ័យនៃ GSD បាន ៣% ប៉ុន្តែអ្នកផឹកច្រើនពែងក្នុងមួយថ្ងៃ មានប្រសិទ្ធភាពក្នុងការបន្ថយហានិភ័យកាន់តែខ្ពស់។ ការសិក្សានេះវាផ្ទុយពីគោលការណ៍ណែនាំអ៊ឺរ៉ុប ដែលណែនាំមិនឱ្យផឹកកាហ្វេលើសពី ៤០០មីលីក្រាម នៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃនោះទេ ខណៈក្នុងកាហ្វេមួយពែងមានពី ៧០ ទៅ ១៤០មីលីក្រាម នៃជាតិកាហ្វេអ៊ីនទៅហើយ។

    យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវបានប្រាប់ទស្សនាវដ្តីវេជ្ជសាស្ត្រផ្ទៃក្នុងថា មានកត្តាជាច្រើនទំនងជាជះឥទ្ធិពលល្អដល់សុខភាព។ គ្រួសក្នុងថង់ទឹកប្រមាត់ត្រូវបានបង្កើតឡើងនៅក្នុងបំពង់ទឹកប្រមាត់ នៅពេលដែលមានកូលេស្តេរ៉ុលច្រើនពេក និងមិនមានអាស៊ីតទឹកប្រមាត់គ្រប់គ្រាន់ វានឹងក្លាយជាគ្រួស។ ជាតិកាហ្វេអ៊ីនត្រូវបានបញ្ចេញតាមរយៈទឹកប្រមាត់ ហើយមានផ្ទុកនូវសមាសធាតុគីមីហៅថា methylxanthines ជួយជំរុញការផលិតអាស៊ីត និងគ្រប់គ្រងកូឡេស្តេរ៉ុល ដែលបង្កើតបានជាគ្រួសក្នុងថង់ទឹកប្រមាត់។

    ក្រុមស្រាវជ្រាវដែលដឹកនាំដោយ Ask Tybjaerg Nordestgaard នៃមន្ទីរពិសោធន៍ជីវគីមីវិទ្យាបានរាយការណ៍ថា៖ “កាហ្វេនៅក្នុងផលិតកម្មអាស៊ីតទឹកប្រមាត់ អាចកាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងប្រមាត់” លើសពីនេះទៅទៀតកាហ្វេត្រូវបានគេបង្ហាញថា អាចជម្រុញ UGT1A1 ដែលជាអង់ស៊ីមទទួលខុសត្រូវចំពោះការរួមបញ្ចូលគ្នានៃប៊ីលីរុយប៊ីន។ កម្រិតរួមបញ្ចូលគ្នានៃប៊ីលីរុយប៊ីនក្នុងទឹកប្រមាត់ចុះថយ គឺជាកត្តាហានិភ័យនៃការបង្កជាគ្រួសក្នុងថង់ទឹកប្រមាត់នេះ៕

    អត្ថបទ៖ លីដា

    Share This Post: