ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការតវ៉ានៅតែបន្ត ទោះបីរដ្ឋាភិបាលហុងកុងលុបចោលទាំងស្រុងនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាផ្លូវការ

    BY autoadmin September 7, 2019
    ការតវ៉ានៅតែបន្ត ទោះបីរដ្ឋាភិបាលហុងកុងលុបចោលទាំងស្រុងនូវសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាផ្លូវការ

    ការតវ៉ានៅតែបន្តនៅក្នុងទីក្រុងហុងកុង ទោះបីជារដ្ឋាភិបាលដែនដីនេះបានដកចេញនូវច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាសក៏ដោយ។ នាយកប្រតិបត្តិហុងកុងអ្នកស្រី Carrie Lam បានប្រកាសនៅថ្ងៃពុធនេះថា អ្នកស្រីនឹងលុបចោលទាំងស្រុងនូវសេចក្ដីព្រាងច្បាប់ជាផ្លូវការ ដែលវាជាដើមហេតុបង្កឱ្យមានការតវ៉ារយៈពេលប្រហែល ៣ខែ កន្លងមកនេះ។ ការដកសេចក្ដីព្រាងនេះគឺជាការទាមទារមួយក្នុងចំណោមការទាមទារចំនួន ៥ របស់អ្នកតវ៉ា ហើយក្រុមបាតុករកំពុងទទូចដល់រដ្ឋាភិបាលហុងកុងឱ្យទទួលយកការទាមទារ ៤ ផ្សេងទៀត។

    ពួកគេចង់រាប់បញ្ចូលការបោះឆ្នោតប្រជាធិបតេយ្យ ដើម្បីជ្រើសរើសអ្នកដឹកនាំទឹកដីថ្មីដោយផ្ទាល់ និងគណៈកម្មាធិការមួយសម្រាប់ការស៊ើបអង្កេតឯករាជ្យលើការចោទប្រកាន់ពីភាពសាហាវឃោរឃៅរបស់ប៉ូលីសប្រឆាំងនឹងក្រុមបាតុករ។ ការប៉ះទង្គិចគ្នាបានកើតឡើងនៅយប់ថ្ងៃសុក្រនៅឧបទ្វីប Kowloon ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករដែលប្រមូលផ្តុំគ្នានៅក្បែរប៉ុស្តិ៍ប៉ូលីស កាន់កាប់ផ្លូវ និងបានបង្កជាអគ្គិភ័យ។ ទន្ទឹមនឹងនេះដែរបាតុកម្មតវ៉ាមួយត្រូវបានធ្វើឡើងនៅចំកណ្តាលហុងកុង ដោយមានមនុស្ស ២៣,០០០នាក់ បានចូលរួម។ ហើយអាជ្ញាធរអាកាសយានដ្ឋានក៏កំពុងទទូចដល់ក្រុមបាតុករ កុំឱ្យរំខានដល់អ្នកដំណើរក្នុងព្រលានដូចលើកមុនទៀត៕

    អត្ថបទ៖ លីដា

    Share This Post: