អ្នកតវ៉ានៅហុងកុងបានដុតភ្លើងនៅស្ថានីយ៍ក្រោមដី និងអំពាវនាវឱ្យមានការគាំទ្រពីសហរដ្ឋអាមេរិក
ក្រុមបាតុករបានដើរក្បួនជាថ្មីម្ដងទៀតកាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានការគាំទ្រពីសហរដ្ឋអាមេរិក ខណៈដែលអ្នកផ្សេងទៀតបានបំផ្លាញស្ថានីយរថភ្លើងក្រោមដី។ បន្ទាប់ពីការហែក្បួនក្រុមបាតុករវ័យក្មេងៗស្លៀកពាក់ខ្មៅ និងបិទម៉ាស់មុខ បានដុចភ្លើងនៅច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី វាយបំបែកកញ្ចក់ និងបំផ្លាញម៉ាស៊ីនលក់សំបុត្រ ដែលបង្ខំឱ្យស្ថានីយមួយចំនួនត្រូវបិទទ្វារ។ ពួកគេក៏បានចាប់ផ្តើមដុតភ្លើងនៅតាមដងផ្លូវផងដែរ ដែលជំរុញឱ្យប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ ចំពេលមានភាពច្របូកច្របល់ អ្នកទិញឥវ៉ាន់ត្រូវបានគេឃើញរត់ចេញពីស្ថានីយ៍ និងតំបន់ៅជិតនោះ។

គួររំលឹកដែរថា កាលពីថ្ងៃពុធសប្តាហ៍មុន នាយកប្រតិបត្តិហុងកុងអ្នកស្រី Carrie Lam បានលុបចេញវិញនូវច្បាប់ធ្វើបត្យាប័ន ដែលជាមូលហេតុនៃការតវ៉ារយៈពេល ៣ខែមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាមានមនុស្សជាច្រើននៅតែបន្តការតវ៉ារបស់ពួកគេ ដោយទាមទារឱ្យអ្នកស្រីបំពេញតាមសំណើដែលនៅសេសសល់របស់ពួកគេ រួមទាំងការបង្កើតក្រុមឯករាជ្យមួយ ដើម្បីពិនិត្យមើលថាតើការឆ្លើយតបរបស់ប៉ូលីសចំពោះសកម្មភាពរបស់ក្រុមបាតុករមានភាពសមស្របដែរ ឬទេ បូករួមទាំងការឱ្យអ្នកស្រីលាលែងពីដំណែងផងដែរ៕






អត្ថបទទ៖ លីដា