ខុនដូលំដាប់ផ្កាយ៥ The Penthouse Resident នឹងបញ្ចប់គម្រោងតាមការគ្រោងទុកនៅចុងឆ្នាំ២០១៨ ជាមួយទុនវិនិយោគជាង៣០លានដុល្លារ
(ភ្នំពេញ)៖ គម្រោងខុនដូ ដ៏ប្រណិតប្រចាំប្រទេសកម្ពុជា ដែលមានឈ្មោះថា The Penthouse Resident ដែលបានចំណាយទុនវិនិយោគ៣០លានដុល្លារ និងមានកម្ពស់៣៦ជាន់ គ្រោងនឹងបញ្ចប់ការសាងសងជាផ្លូវការនាចុងឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងពីលោក ឧកញ៉ា លី ហុង ម្ចាស់គម្រោង The Penthouse Resident។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ឧកញ៉ា លី ហុង បានឲ្យដឹងថា «គម្រោងខុនដូលំដាប់ផ្កាយ៥ ដែលមានកម្ពស់៣៦ជាន់ នេះបានចាប់ផ្តើមសាងសងឡើង កាលពីដើមឆ្នាំ២០១៦ និងគ្រោងនឹងបញ្ចប់ការសាងសងនៅចុងឆ្នាំ២០១៨នេះ។ ខុនដូលំដាប់ផ្កាយ៥នេះ សាងសងលើដីមានទំហំ២ពាន់ម៉ែត្រការ៉េ លើបណ្ដោយផ្លូវសុធារស ទល់មុខផ្សារអ៊ីអនម៉លទី១»។
លោកបានឲ្យដឹងទៀតថា ខុនដូនេះបានចែកចេញជា៥ប្រភេទ និងមានបន្ទប់រហូតដល់៤៥៨យូនីត និងមានតម្លៃចាប់ពី១០ម៉ឺនដុល្លារ រហូតដល់១លានដុល្លារ ហើយរហូតមកពេលនេះគម្រោង The Penthouse ទទួលបានការបញ្ជាទិញពីអតិថិជន ប្រមាណ៧០%ហើយ ក្នុងនោះអតិថិជន
ជាជនជាតិខ្មែរ៥០% និងបរទេស៥០%។
លោកបានបញ្ជាក់ទៀតថា «បើទោះបីជាបច្ចុប្បន្នកម្ពុជា មានអគារខុនដូការរីកលូតលាស់ច្រើនយ៉ាងណាក្តី ក៏ខ្ញុំនៅតែមានជំនឿមុតមាំថាគម្រោងខុនដូនេះនឹងទទួលបានជោគជ័យ និងភាពជឿជាក់ពីអតិថិជន។ មួយវិញទៀត ខ្ញុំក៏បានកំពុងស្វែងរកទីតាំងនៅតាមតំបន់ដែលមានសក្ដានុពល ក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដើម្បីសាងសងគម្រោងអាគារខុនដូទី២បន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតំរូវការរបស់អតិថិជន ណាមួយពលរដ្ឋបច្ចុប្បន្នក៏និយមចូលចិត្តរស់នៅក្នុងលំនៅដ្ឋានតាមបែបទំនើប និងស៊ីវីល័យដូចបណ្ដាប្រទេសជឿនលឿនដែរ»។
លោក តាំង គីមថេង អ្នកអភិវឌ្ឍន៍គម្រោង The Penthouse Resident ក៏បានឲ្យដឹងដែរថា មានអតិថិជនជាច្រើនទាំងខ្មែរ និងបរទេសបានធ្វើការបញ្ជារទិញខុនដូនេះ កត្តាដែលនាំឲ្យមានការទិញច្រើនបែបនេះបណ្ដាលមកពី ខុនដូននេះមានទីតាំងល្អ ចំកណ្ដាលរាជធានី ស្ថិតក្នុងទីប្រជុំជន ជាពិសេសជាងនេះទៀតនោះ គឺស្ថិតចំទល់មុខផ្សារទំនើបអ៊ីអនម៉ល។
លោកបានបញ្ជាក់ទៀតថា ខុនដូនេះមានការរចនាស្រស់ស្អាត មានអាងហែលទឹក កន្លែងហាត់ប្រាណ, សូណា, ស្កាយបារវិល និងភោជនីយដ្ឋានវិលដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃសមរម្យផងដែរ៕