ហាមហើយនៅមិនស្តាប់ចតផ្តេសផ្តាសទៀត អាជ្ញាធរប្រើធម៌ក្តៅយកទាំងឡានទាំងម៉ូតូទៅទុកនៅសាលាខណ្ឌ១៤ថ្ងៃទើបប្រគល់ឲ្យម្ចាស់វិញ
ភ្នំពេញ៖ ដោយពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ក៏ដូចជាតាមគ្រឹះស្ថានរដ្ឋ និងឯកជនមួយចំនួននៅតែបន្តយករថយន្ត មកឈប់ចតនៅលើផ្លូវថ្មើរជើងបង្កបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយ បាំងផ្លូវថ្មើរជើងរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងជនពិការ ដដែល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ នឹងធ្វើការស្ទូច អូស រថយន្ត ដែលចតនៅលើផ្លូវថ្មើរជើង តាមបណ្តោយមហាវិថីព្រះនរោត្តម យកទៅរក្សាទុកចំនួន ១៤ថ្ងៃ ទុកជាការព្រមាន។
រដ្ឋបាលខណ្ឌដូនពេញ ក៏បានធ្វើអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាក្រុមហ៊ុនឯកជន ដែលមានយានជំនិះគ្រប់ប្រភេទត្រូវតែបញ្ឈប់ការឈប់ចត លើផ្លូវថ្មើរជើង ជាពិសេសមហាវិថីព្រះនរោត្តមនេះ ក្នុងករណីនៅតែមិនអនុវត្តតាមការជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ នោះរដ្ឋបាលខណ្ឌ នឹងធ្វើការស្ទូច អូស យករថយន្តទាំងនោះយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយទុករយៈពេល ១៤ថ្ងៃទើប ប្រគល់ជូនម្ចាស់រថយន្តវិញ៕

អត្ថបទ៖ សេម












