ប្តីប្រពន្ធមួយគូត្រូវជាប់ទោសឧក្រិដ្ឋ បន្ទាប់ពីចាយលុយយ៉ាងសប្បាយដៃ ជាមួយនឹងលុយដែលគេផ្ទេរច្រឡំគណនី
ប្តីប្រពន្ធមួយគូនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិកត្រូវបានប៉ូលីសតាមចាប់ខ្លួន និងចោទប្រកាន់ក្រោមបទឧក្រិដ្ឋ ដោយសារពួកគេទាំងពីរបានរកឃើញលុយចំនួន ១២០,០០០ដុល្លារ នៅក្នុងគណនីធនាគាររួម ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរឡើយ។ ប្តីប្រពន្ធមួយគូនេះបានដឹងយ៉ាងច្បាស់ដែរថា លុយទាំងនោះមិនមែនជាលុយរបស់ពួកគេ ប៉ុន្តែពួកគេនៅតែបន្ដទុកលុយនោះ។ ហើយមិនត្រឹមតែមិនបានរាយការណ៍នូវទឹកប្រាក់ដែលមិនមែនជារបស់ខ្លួននោះទេ ថែមទាំងយកលុយទាំងនោះទៅចាយវាយទិញទំនិញ, ទិញរថយន្ត និងទូទាត់ថ្លៃចំណាយផ្សេងៗរបស់ពួកគេទៀតផង។

រឿងរ៉ាវវាបានចាប់ផ្តើមនៅក្នុងខែឧសភា នៅពេលដែលធនាគារ BB&T holding របស់អាមេរិក បានច្រឡំដាក់ប្រាក់ចូលទៅក្នុងគណនីរួមមួយ ដែលជាកម្មសិទ្ធិរបស់ប្តីប្រពន្ធមួយគូឈ្មោះ Robert និង Tiffany Williams ទាំងដែលការពិតពួកគេចង់ផ្ទេរទៅឱ្យដៃគូ គឺក្រុមហ៊ុន Dimension Covington Investment LLC ។ លុះក្រោយមកបាន ៣សប្ដាហ៍ ទើបខាងធនាគារបានដឹងថា ពួកគេបង្កើតកំហុសដោយបានផ្ទេរលុយច្រឡំទៅឱ្យប្តីប្រពន្ធទាំងពីរ ហើយបានសុំយកលុយទាំងនោះមកវិញ ប៉ុន្តែពួកគេទាំងពីរបានចាយវាអស់ ១០០,០០០ដុល្លារអាមេរិក បាត់ទៅហើយ។
ធនាគារ BB&T holding បានព្យាយាមទាក់ទងប្តីប្រពន្ធមួយគូនោះជាច្រើនលើកច្រើនសារ ដើម្បីកែកំហុស និងបង្កើតផែនការបង់ប្រាក់ ដើម្បីសងប្រាក់វិញទៅដល់ធនាគារ។ ប៉ុន្តែបន្ទាប់ពីការប៉ុនប៉ងមិនបានជោគជ័យជាច្រើនសារ ធនាគារបានសម្រេចចិត្តចាត់វិធានការតាមផ្លូវច្បាប់។ ប្ដីប្រពន្ធ Robert និង Tiffany Williams ត្រូវប្រឈមនឹងបទឧក្រិដ្ឋចំនួន ៤ ហើយម្នាក់ៗអាចត្រូវបានផ្តន្ទាទោសរហូតដល់ ១០ឆ្នាំ នៅក្នុងពន្ធនាគារ៕

អត្ថបទ៖ លីដា