អន្តរជាតិ

ការតវ៉ាបានអូសបន្លាយយូរពេក ធ្វើឱ្យទីក្រុងហុងកុងចុះដុនដាប ឧស្សាហកម្មទេសចរណ៍ធ្លាក់ចុះជិត ៤០%

BY
autoadmin
September 12, 2019

ឧស្សាហកម្មទេសចរណ៍ហុងកុងបានទទួលរងនូវការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ ដោយការតវ៉ាតាមដងផ្លូវបានកាត់បន្ថយចំនួនភ្ញៀវចូលមកលេងនៅខែសីហា និងធ្វើឱ្យអ្នកទេសចរចាកឆ្ងាយពីគោលដៅពេញនិយមដូចជា Disneyland និង Ocean Park ។ រដ្ឋលេខាធិការហិរញ្ញវត្ថុបានចុះផ្សាយលើប្លុកកាលពីថ្ងៃអាទិត្យថា ការមកដល់របស់ភ្ញៀវទេសចរបានធ្លាក់ចុះជិត ៤០% ក្នុងខែសីហាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះគឺជាការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៣ ក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺផ្លូវដង្ហើម (សារ) ធ្ងន់ធ្ងរ ហើយវាកាន់តែធ្វើឱ្យមានការព្រួលបារម្ភ បន្ទាប់ពីកាលពីខែកក្កដា ក៏មានការធ្លាក់ចុះ ៥ ភាគរយ។

បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង ដែលចាប់ផ្ដើមកើតឡើងពីរឿងសេចក្ដីព្រាងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស ដែលវាបានអូសបន្លាយរយៈពេលជាង ១៤សប្ដាហ៍ទៅហើយ ហើយគ្មានសញ្ញានឹងធូរស្រាលវិញទេ។ ក្រុមអ្នកតវ៉ាបានបង្ខំឱ្យព្រលានយន្តហោះបិទរយៈពេលពីរថ្ងៃជាប់គ្នា បានដុតភ្លើងនៅតាមដងផ្លូវនានាក្នុងទីក្រុង និងធ្វើឱ្យចលាចលតាមស្ថានីយ៍រថភ្លើងរាប់សិបកន្លែង។ ការខូចខាតលើវិស័យទេសចរណ៍ ដែលជាសរសរទ្រូង ១ ក្នុងចំណោមសរសរទ្រូងទាំង៤ នៃសេដ្ឋកិច្ចរបស់ហុងកុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលពីឧស្សាហកម្មក្នុងស្រុក ពីការផ្គត់ផ្គង់សណ្ឋាគារ និងការលក់ផ្សេងៗ៕

អត្ថបទ៖ លីដា

Share This Post: