ប្រទេសចិនលើកលែងពន្ធគយ លើផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក
ប្រទេសចិនបានប្រកាសផែនការ លើកលែងផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកពីពន្ធគយបន្ថែម។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការពន្យាពេលការដំឡើងពន្ធលើទំនិញចិនដែលបានគ្រោងទុក។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា រដ្ឋាភិបាលចិននឹងដកផលិតផលកសិកម្មមួយចំនួនដូចជាសណ្តែកសៀង និងសាច់ជ្រូកពីពន្ធបន្ថែមលើទំនិញអាមេរិក។ ប្រទេសចិនបានដាក់វិធានការដាក់ទណ្ឌកម្មជាធរមានកាលពីខែសីហា ចំពេលមានការខ្វែងគំនិតពាណិជ្ជកម្មកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។

ទីភ្នាក់ងារសារព័ត៌មានចិនបានដកស្រង់ប្រភពរដ្ឋាភិបាលចិនដែលនិយាយថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគោរពតាមពាក្យសំដីរបស់ខ្លួន និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងគ្រោងនឹងធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីនៅខែក្រោយ។ ដោយសារការចរចាទ្វេភាគីមិនដើរទៅមុខ វានៅតែមិនប្រាកដប្រជាថាប្រទេសទាំងពីរអាចនឹងជួបគ្នានៅក្នុងកិច្ចចរចាខាងមុខនេះ៕

អត្ថបទ៖ លីដា