ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមនាំមុខក្នុងតំបន់អាស៊ាន ដែលមានស្ត្រីរួមចំណែកក្នុងវិស័យការងារច្រើនបំផុត

    BY autoadmin September 14, 2019
    វៀតណាមនាំមុខក្នុងតំបន់អាស៊ាន ដែលមានស្ត្រីរួមចំណែកក្នុងវិស័យការងារច្រើនបំផុត

    តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប្រទេសវៀតណាមកំពុងនាំមុខតំបន់អាស៊ានក្នុងន័យថា ភាគរយនៃស្ត្រីដែលរួមចំណែកក្នុងវិស័យការងារសរុបមានការកើនឡើង។ ស្ត្រីវៀតណាមដើរតួក្នុងវិស័យការងារសរុបមានប្រហែល ៤៨.៥ភាគរយ ក្នុងឆ្នាំ២០១៦ ប៉ុន្តែវាមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះពីឆ្នាំ២០០៩។ ប្រទេសវៀតណាមត្រូវបានតាមពីក្រោយដោយប្រទេសឡាវ ដែលមានចំនួន ៤៦ភាគរយ និងប្រទេសថៃមានចំនួន ៤៥ភាគរយ។

    តួលេខនេះត្រូវបានចុះផ្សាយនៅក្នុងរបាយការណ៍ “Government at a Glance: Southeast Asia 2019” ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ដោយធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ តួលេខរបស់វៀតណាមគឺខ្ពស់ជាងអត្រាជាមធ្យមសម្រាប់អាស៊ាន ដែលមានតែ ៤៦.៩ភាគរយ។

    វៀតណាមក៏ឈរនៅលំដាប់ទី៣ ជាមួយនឹង ២៧ភាគរយ នៅពីក្រោយហ្វីលីពីន និងឡាវ បើគិតពីចំនួនសមាជិកសភាជាស្ត្រី ដែលវានៅតែខ្ពស់ជាងអត្រាជាមធ្យមក្នុងអាស៊ាន ២០ភាគរយ និងនាំមុខថៃ ៥ភាគរយ ផងដែរ។

    របាយការណ៍នេះមានគោលបំណងផ្តល់ការយល់ដឹងទូលំទូលាយដល់ដំណើរការ និងការអនុវត្តរបស់រដ្ឋាភិបាលនៅក្នុងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។ វាបានប្រមូលទិន្នន័យនៅក្នុងវិស័យផ្សេងៗដូចជាសេវាកម្មសាធារណៈ លើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក និងផ្តល់ឱកាសការងារកាន់តែប្រសើរសម្រាប់ស្ត្រី។ សមាជិកអាស៊ានរួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម៕

    អត្ថបទ៖ លីដា

    Share This Post: