ឥណ្ឌា បង្កើតកម្មវិធីប្រកួតផោម អ្នកដែលបញ្ចេញខ្យល់បានឮ និងយូរជាងគេ នឹងទទួលបានរង្វាន់ជាទឹកប្រាក់ប្រមាណ២០០ដុល្លារអាមេរិក
ថ្មីៗនេះប្រទេសឥណ្ឌាបានបង្កើតការប្រកួតប្រជែងយ៉ាងចម្លែកមួយ ដែលមានឈ្មោះថា What The Fart – ឬ WTF ហើយគ្រោងនឹងប្រារព្ធកម្មវិធីនេះនៅក្នុងរដ្ឋ Gujarat នៅចុងសប្តាហ៍ខាងមុខនេះ។ អ្នកចូលរួមនឹងមានពេល ៦០វិនាទី ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ហើយអ្នកដែលអាចបញ្ចេញខ្យល់បានឮបំផុត និងយូរបំផុត នឹងទទួលបានពានរង្វាន់ជាសាច់ប្រាក់ចំនួន ១៥,០០០រូពី ដែលប្រហែល ២០០ដុល្លារអាមេរិក។

ការពិតបើយើងស្ដាប់មើលទៅវាដូចជារឿងគួរឱ្យអស់សំណើច និងថ្មីសន្លាងបន្ដិច ប៉ុន្តែអ្នកចំរៀងក្នុងស្រុក និងជាអ្នកបង្កើតព្រឹត្តិការណ៍ឈ្មោះ Yatin Sangoi អាយុ ៤៨ឆ្នាំ បាននិយាយថា ហេតុផលគឺវាលើសពីនេះទៅទៀត គឺគាត់ចង់ផ្លាស់ប្តូរបទដ្ឋានវប្បធម៌។ គាត់បាននិយាយថា គាត់ធ្លាប់ត្រូវបានគេសើចនៅពេលដែលគាត់បានផោមយ៉ាងឮ ហើយអ្នកទាំងនោះចំអកឱ្យគាត់ថា ប្រសិនមានការប្រកួតគាត់នឹងឈ្នះ។
គ្រប់គ្នាតែងតែគិតថា ការផោមវាគួរឱ្យខ្ពើមរអា ប៉ុន្ដែលោក Yatin Sangoi ចង់ប្ដូរវាឱ្យទៅជារឿងធម្មតាវិញ ព្រោះរឿងបែបនេះគ្មាននរណាទប់បាននោះទេ។ យោងតាមកាសែត Hindustan Times មានប្រជាជនជាង ៥០នាក់ បានចុះឈ្មោះ និងបង់ថ្លៃឈ្នួលរួចហើយ ដោយមានការចូលរួមទាំងបុរស និងស្ត្រី៕

អត្ថបទ៖ លីដា