បង្គន់មាសតម្លៃជិត ៦លានដុល្លារអាមេរិកមួយ ត្រូវបានចោរលួចគាស់ចេញពីកន្លែងតាំងពិព័រណ៍
បង្គន់មាសទំហំ ១៨ការ៉ាត់ ដែលមានតម្លៃ ៤.៨លានផោន (ជិត ៦លានដុល្លារអាមេរិក) ត្រូវបានចោរលួចចេញពីពីវិមាន Blenheim នៅ Woodstock រដ្ឋ Oxfordshire ប្រទេសអង់គ្លេស។ មន្រ្តីអង់គ្លេសបានជូនដំណឹងអំពីការបាត់បង្គន់នេះ កាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ។ គួរឱ្យដឹងដែរថា វិមាន Blenheim គឺជាបេតិកភណ្ឌពិភពលោក និងជាកន្លែងកំណើតរបស់ Sir Winston Churchill ផងដែរ។

វិមាននេះត្រូវបានគេចាត់ទុកថា ជាផ្ទះមួយនៅជនបទ ព្រោះវាជាវិមានដែលមិនមែនគ្រប់គ្រងដោយសែស្រឡាយរាជវង្សនោះទេ ហើយយកឈ្មោះតាម សមរភូមិ Blenheim កាលពីឆ្នាំ១៧០៤។ ជនសង្ស័យអាយុ ៦៦ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនក្នុងរឿងក្ដីនេះ ហើយក្រុមមន្ដ្រីក៏កំពុងវែករកមុខជនដទៃទៀតដែលពាក់ព័ន្ធផងដែរ។ ប្រភពបានឱ្យដឹងថា បង្គន់មាសបានបាត់ពីវិមាននៅពេលមានទឹកជំនន់ ដោយសារពេលនោះមានការបើកទឹកចោល ដែលវាអាចជាគម្រោងរបស់ជនល្មើសនោះ។
បង្គន់មាសនេះការពិតវាមិនមែនសម្រាប់ប្រើប្រាស់នោះទេ វាគឺជាផ្នែកមួយនៃពិព័រណ៍ទោលរបស់សិល្បករសហសម័យលោក Maurizio Cattelan ដែលគាត់គឺជាសិល្បករជនជាតិអ៊ីតាលី ហើយការតាំងពិព័រណ៍ទោលចុងក្រោយរបស់គាត់គឺនៅចក្រភពអង់គ្លេស កាលពី ២០ឆ្នាំមុន។ ពិព័រណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែតុលា។ បង្គន់មាសត្រូវបានបើកឱ្យចូលមើល សម្រាប់អ្នកទស្សនាទាំងអស់រៀងរាល់ ១៥នាទីម្តង ហើយ ៣នាទី សម្រាប់មនុស្សម្នាក់៕


អត្ថបទ៖ លីដា