យុវជនម្នាក់ទើបតែងើបពីសន្លប់មិនទាន់បានប៉ុន្មានផង ស្រាប់តែបងប្អូនមិត្តភក្តិនាំគ្នាមកសួរសុខទុក្ខ ធ្វើឲ្យយុវជននោះរំភើបខ្លាំងពេករហូតសន្លប់ម្តងទៀត
តៃវ៉ាន់៖ ជនរងគ្រោះ ដែលទើបនឹងជាសះស្បើយពីជំងឺ និងអាចដឹងខ្លួនពីសន្លប់វិញ ស្រាប់តែជនរងគ្រោះរូបនោះត្រូវសន្លប់ទៅវិញម្តងទៀតភ្លាមៗ ព្រោះគាត់រំភើបចិត្តនឹងការអបអរសាទរពីសំណាក់បងប្អូនសាច់ញាតិ និងមិត្តភក្តិខ្លាំងពេក។ ជនរងគ្រោះត្រូវបានគេរាយការណ៍ថា ជាយុវជនម្នាក់ដែលមានអាយុ ១៩ ឆ្នាំ និងកំពុងរស់នៅលើកោះតៃវ៉ាន់។ បើតាមលោកវេជ្ជបណ្ឌិត Jiang អ្នកឯកទេសជំងឺខួរក្បាល និងជាអ្នកទទួលខុសត្រូវធ្វើការវះកាត់ជនរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា យុវជនរងគ្រោះបានកើតមានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ហើយតាមអាការដ៏ធ្ងន់ធ្ងររបស់គាត់មនុស្សជាច្រើនបានគិតថា គាត់ទំនងជាមិនអាចជាសះស្បើយវិញបានឡើយ ពោលគឺឱកាសដែលជនរងគ្រោះត្រូវមានជីវិតឡើងវិញគឺតិចតួចបំផុត។

យ៉ាងណាក្តី ក្រោយធ្វើការវះកាត់ដោយយកចិត្តទុកដាក់ និងដោយប្រើវិជ្ជាជីវៈខ្ពស់ពីសំណាក់វេជ្ជបណ្ឌិតឯកទេសនោះ ជនរងគ្រោះមានសំណាងអាចភ្ញាក់ដឹងខ្លួនវិញបានបន្ទាប់ពីគាត់សន្លប់ពីរបីថ្ងៃរួចមក។ ក្នុងស្ថានភាពនេះលោកវេជ្ជបណ្ឌិត Jiang បានអនុញ្ញាតឲ្យបងប្អូនសាច់ញាតិ និងមិត្តភក្តិរបស់ជនរងគ្រោះមួយចំនួនចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីមើលឲ្យឃើញផ្ទាល់នឹងភ្នែកថា ជនរងគ្រោះនៅមានជីវិតនៅឡើយទេ។ ដោយសេចក្តីត្រេកអរជាមួយនឹងលទ្ធផលលើសពីការរំពឹងទុកនោះ ពួកគេបាននាំគ្នាស្រែកហ៊ោរអបអរសាទរយ៉ាងខ្លាំង ខណៈជនរងគ្រោះក៏រំភើបចិត្តខ្លាំងណាស់ដែរ គឺរំភើបរហូតត្រូវដាច់សរសៃឈាមក្នុងខួរក្បាល និងត្រូវសន្លប់ជាថ្មីម្តងទៀត។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះវេជ្ជបណ្ឌិតបានជួយសង្គ្រោះជនរងគ្រោះឲ្យជាសះស្បើយវិញហើយ តែគាត់ត្រូវសម្រាក់នៅក្នុងមន្ទីរពេទ្យមួយរយៈសិនទើបអាចចេញទៅផ្ទះវិញបាន៕

អត្ថបទ៖ ភក្តី