គំរូវិក័យបត្រថ្មី ដែលថ្លៃសេវាប្រមូលសំរាមនឹងគ្មាននៅលើវិក្ក័យបត្រអគ្គិសនីទៀតទេ
សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ចូលរួម។ ការប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ដោយសម្តេចបានសង្កត់ធ្ងន់ថាការដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី ដោយសារតែក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញមានប្រសិទ្ធភាពឡើយ ដោយត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។
សម្តេចតេជោ បានបង្ហោះសារនៅលើហ្វេសបុកប្រាប់ពលរដ្ឋថា៖ ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។ យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន។
ខាងក្រោមនេះជាគំរូវិក័យបត្រថ្មី ដែលថ្លៃសេវាប្រមូលសំរាមនឹងគ្មាននៅលើវិក្ក័យបត្រអគ្គិសនីទៀតទេចាប់ពីថ្ងៃ ០១ មករា ២០២០ តទៅ នេះជាការសម្រេចរបស់សម្តេច ហ៊ុន សែន តាមសំណើអគ្គិសនីកម្ពុជា។

