យុវជនវ័យ ២៤ ឆ្នាំម្នាក់ក្លាយជាមហាសេដ្ឋីមួយពព្រិចភ្នែក ក្រោយឪពុកម្តាយចែកទ្រព្យឲ្យជិត៤ពាន់លានដុល្លារ
មនុស្សម្នាក់ៗរស់នៅលើផែនដីនេះមានខ្សែជីវិតនិងសំណាងផ្សេងៗគ្មា អ្នកខ្លះខំប្រឹងធ្វើការងារទាំងថ្ងៃទាំងយប់នៅតែមិនអាចរកប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពបាន ខណៈអ្នកខ្លះវិញមិនចាំបាច់ប្រឹងធ្វើការងារច្រើនោះទេក៏នៅតែមានលុយចាយមិនអស់ដែរ។ ជាក់ស្តែងយុវជនហុងកុងវ័យ ២៤ ឆ្នាំម្នាក់ទទួលបានអំណោយពីម្តាយឪពុកនូវទឹកប្រាក់ចំនួន ៣.៨ ពាន់លានដុល្លារអាមេរិក និងបានក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកម្នាក់ក្នុងពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ។ យុវជនកំពូលសំណាងរូបនេះមានឈ្មោះថា Eric Tse ជាកូនប្រុសម្នាក់នៅក្នុងគ្រួសារអ្នកជំនួញនៅហុងកុង ហើយរូបគាត់ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនផងដែរ។

ក្នុងទឹកប្រាក់សរុបចំនួន ៣.៨ ពាន់លាននោះ មានទឹកប្រាក់ចំនួន ២.៧ ពាន់លានបានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់ឪពុកម្តាយគាត់ផ្ទាល់តែម្តង ហើយតាមរយៈភាគហ៊ុននេះ គាត់ត្រូវបានគេរំពឹងថានឹងមានប្រាក់ចំណូលប្រមាណជាកន្លះលានដុល្លារក្នុងមួយឆ្នាំបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា លោក Eric Tse មានបងស្រីម្នាក់ឈ្មោះថា Theresa ហើយបងស្រីរូបនេះជាប្រធានក្រុមហ៊ុនខាងលើ និងត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសរុបចំនួន ១.៩៦ ពាន់លានដុល្លារផងដែរ។ បើយោងតាមទស្សនាវដ្តី Forbes របស់អាមេរិកបានបញ្ជាក់ថា លោក Eric Tse បានក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី ៥៤៦ នៅក្នុងពិភពលោក និងជាអ្នកមានលំដាប់កំពូលម្នាក់នៅហុងកុងផងដែរ៕
អត្ថបទ៖ភក្តី
