ក្មេងតូចៗជិត ៩០០នាក់ត្រូវឆ្លងជំងឺអេដស៍ក្រោយវេជ្ជបណ្ឌិតម្នាក់ប្រើម្ជុល និងស៊ឺរ៉ាំងដដែលៗចាក់ថ្នាំឲ្យជនរងគ្រោះ
ប៉ាគីស្ថាន ៖ ក្មេងតូចៗជិត ៩០០ នាក់ត្រូវបានគេរកឃើញថា មានផ្ទុកនូវជំងឺអេដស៍បន្ទាប់ពីពួកគេទទួលបានសេវាកម្មចាក់ថ្នាំពីវេជ្ជបណ្ឌិតម្នាក់ក្នុងតម្លៃថោកជាងតម្លៃទីផ្សារទូទៅ។ ហេតុការណ៍ដ៏អកុសលនេះបានកើតឡើងនៅក្នុងក្រុង Ratodero ដែលជាតំបន់ក្រីក្រមួយនៃប្រទេសប៉ាគីស្ថាន ហើយក្រុងនេះមានប្រជាជនសរុបត្រឹមតែ ២០០ ០០០ នាក់ប៉ុណ្ណោះ។ វេជ្ជបណ្ឌិតដែលទទួលត្រូវក្នុងការចាក់ថ្នាំ និងជាអ្នកចម្លងមេរោគអេដស៍រូបនេះមានឈ្មោះថា Muzaffar Ghanghro ហើយរូបគាត់មានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែគាត់មានសមត្ថភាពខ្ពស់ក្នុងការព្យាបាលជំងឺរបស់ប្រជាពលជាមួយនិងតម្លៃនៃសេវាកម្មថោកជាងគេ។

យ៉ាងណាក្តី កាលពីពេលថ្មីនេះមានឪពុករបស់កុមាររងគ្រោះម្នាក់បានសង្កេតឃើញថា វេជ្ជបណ្ឌិតរូបនេះបានប្រើប្រាស់ម្ជុល និងស៊ឺរ៉ាំងតែមួយចាក់ឲ្យអ្នកជំងឺជាច្រើននាក់រួមទាំងកូនអាយុ ៦ ឆ្នាំ របស់គាត់ផងដែរ។ក្រោយការរកឃើញនេះ ប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុខាងលើក៏បានសម្រេចនាំកូនពួកគេទៅធ្វើតេស្តិ៍ឈាមជាបន្តបន្តាប់គ្នា ហើយរហូតមកទល់នឹងពេលនេះមានកុមារចំនួន ៩០០ នាក់ហើយដែលត្រូវបានគេរកឃើញថា មានផ្ទុកមេរោគអេដស៍។ ក្រៅពីនេះមានមនុស្សពេញវ័យចំនួន ២០០ នាក់ រួមជាមួយបុរសជាឪពុករបស់ក្រុមកុមាររងគ្រោះខាងលើចំនួន ៤ ផ្សេងទៀតក៏ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគអេដស៍ដូចគ្នាដែរ។
បន្ទាប់ពីប៉ូលិសធ្វើការឃាត់ខ្លួនវេជ្ជបណ្ឌិត Muzaffar Ghanghro បានសារភាពថា គាត់ពិតជាបានប្រើប្រាស់ម្ជុល និងស៊ឺរ៉ាំងដដែលៗចាក់ឲ្យមនុស្សជាច្រើនមែន ព្រោះប្រជាពលរដ្ឋនៅតំបន់កើតហេតុនេះគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទទួលសេវាចាក់ថ្នាំដោយប្រើម្ជុល និងស៊ឺរ៉ាំងថ្មីនោះទេ។ យ៉ាងណាក្តី រហូតមកទល់ពេលនេះរូបគាត់ត្រូវបានប៉ូលិសឃុំខ្លួន និងរង់ចាំទទួលទោសតាមផ្លូវច្បាប់ ខណៈប្រជាពលរដ្ឋក្នុងក្រុងស្ទើរតែទាំងអស់ទៅហើយបានសម្រុកទៅធ្វើតេស្តិ៍ជាបន្តបន្ទាន់គ្នា៕
អត្ថបទ៖ភក្តី

