គិតមកត្រឹមរសៀលនេះ ស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួននៅលើកោះរ៉ុង មិនទាន់ប្រទះឃើញនៅឡើយទេ
ខេត្តព្រះសីហនុ៖ ដំណឹងបន្ងែមពីមន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា គិតមកត្រឹមរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញនៅឡើយ ហើយកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផង កំពុងធ្វើប្រតិបត្តិការស្វែងរកបន្តដោយថ្មើរនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាស ហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៏មានក្រុមអ្នកមុជទឹកស្វែងរកផងដែរ។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦:០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។ ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង