ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់បានរំលោភ និងសម្លាប់ក្មេងស្រីអាយុ ១០ឆ្នាំ តែរូបគេមិនត្រូវជាប់គុកឡើយ
ចិន៖ ភាពចម្រូងចម្រាសមួយកំពុងកើតមាននៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមចិន ជុំវិញករណីក្មេងប្រុសមិនទាន់គ្រប់អាយុម្នាក់ ដែលបានប្រព្រឹត្តសកម្មភាពរំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះអាយុ ១០ឆ្នាំ តែរូបគេមិនបានទទួលទោសឲ្យជាប់គុកទាល់តែសោះ ដោយតុលាការគ្រាន់តែឲ្យគេស្នាក់នៅក្នុងមណ្ឌលស្តារនីតិសម្បទារយៈពេល ៣ឆ្នាំប៉ុណ្ណោះដើម្បីជាការដាក់ទណ្ឌកម្ម។ បទល្មើសនេះបានកើតឡើងនៅក្នុងក្រុង Dalian ភាគខាងត្បូងនៃប្រទេសចិននិងបានបង្កឡើងដោយជនល្មើសមានឈ្មោះថា Cai និងទើបតែមានអាយុត្រឹមតែ ១៣ ឆ្នាំ ប៉ុណ្ណោះ បើគិតត្រឹមថ្ងៃកើតហេតុ។

សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិនបានកំណត់ថា ជនដែលត្រូវទទួលទោសត្រូវមានអាយុយ៉ាងតិចបំផុត ១៤ឆ្នាំ។ បើទោះជាច្បាប់បានកំណត់ដូចនេះក្តី តែក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានលើកឡើងថា ករណីខាងលើគឺជាករណីបទល្មើសកម្រិតធ្ងន់មួយ ហើយបើមិនកាត់ទោសជនល្មើសឲ្យជាប់គុកនោះទេ ជនល្មើសនឹងមិនរាងចាលឡើយ ហើយរូបគេអាចនឹងបន្តធ្វើសកម្មភាពដូចនេះទៀតទៅកាន់ ជនរងគ្រោះផ្សេងទៀតជាមិនខាន។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិថា រដ្ឋាភិបាលគួរតែធ្វើការកែតម្រូវច្បាប់ខាងលើឲ្យបានល្អប្រសើរជាងមុនដើម្បីអនុវត្តឲ្យត្រូវតាមស្ថានភាពសង្គមជាក់ស្តែង។ សូមរម្លឹកជូនថាថ្មីៗនេះនៅក្នុងប្រទេសចិនមានករណីក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ និង ១២ឆ្នាំម្នាក់ បានសម្លាប់ម្តាយរបស់ពួកគេ តែពួកគេមិនត្រូវបានទទួលទោសឡើយ និងត្រូវទៅសាលារៀនជាធម្មតា៕
អត្ថបទ៖ ភក្តី