ឃើញដំបូងស្មានតែជាទឹកម្ទេសធម្មតា ដល់ពេលពិនិត្យឲ្យមែនទែនទៅ ប៉ូលិសភ្ញាក់ផ្អើលគ្រប់គ្នា
អូស្ត្រាលី៖ បុរស ៤ នាក់ត្រូវបានប៉ូលិសអូស្រ្តាលីចាប់ខ្លួនជុំវិញករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់ទម្ងន់ ៤០០ គីឡូក្រាមបង្កប់នៅក្នុងដបទឹកម្ចេស។ បុរសទាំង ៤ នាក់ មានអាយុផ្សេងៗគ្នាដូចជា ៣០ឆ្នាំ ៣៤ឆ្នាំ ៣៦ ឆ្នាំ និង បុរសដែលចាស់ជាងគេមានអាយុ ៤៥ ឆ្នាំ។ គ្រឿងញៀនដែលពួកគេរត់ពន្ធនោះជាប្រភេទគ្រឿងញៀនមេតំហ្វេតាមីន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ២០៧ លានដុល្លារអាមេរិក។ ប៉ូលិសបានរកឃើញទៀតថា គ្រឿងញៀនត្រូវបានយកមកពីសហរដ្ឋអាមេរិក និងមានគោលបំណងយកមកចែកចាយបន្តនៅក្នុងប្រទេសអូស្រ្តាលី ដោយគ្រឿងញៀនទាំងនោះត្រូវបានគេលាក់នៅក្នុងដបទឹកម្ទេសចំនួន ៧៦៨ ដបផ្សេងគ្នា។
រហូតមកទល់នឹងពេលនេះបុរសទាំង ៤ នាក់ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន និងរងចាំកាត់ទោសនៅពេលក្រោយទៀត។ ដោយឡែកប៉ូលិសជំនាញរបស់អូស្រ្តាលីកំពុងតែធ្វើការជាពិសេសមួយជាមួយប៉ូលិសនៅអាមេរិក ដើម្បីស្វែងរកប្រភពដើមនៃគ្រឿងញៀនទាំងនេះដែលគេជឿថាមានមូលដ្ឋាននៅលើទឹកដីអាមេរិក៕

អត្ថបទ៖ភក្តី



