រថយន្ត

អធិការបតីអ្នកស្រី Angela Merkel និយាយថា ចង់ឱ្យអាល្លឺម៉ង់មានស្ថានីយ៍សាកថ្ម ១លានកន្លែង នៅឆ្នាំ២០៣០

BY
autoadmin
November 4, 2019

ប្រទេសអាល្លឺម៉ង់គួរតែមានស្ថានីយ៍សាកថ្មមួយលានកន្លែង សម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ២០៣០ នេះបើតាមសម្ដីអធិការបតីអ្នកស្រី Angela Merkel បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំនៅថ្ងៃច័ន្ទជាមួយឧស្សាហកម្មរថយន្ត ស្ដីអំពីរបៀបដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរទៅប្រើរថយន្តមានការបំភាយតិច។ អ្នកស្រី Merkel និយាយថា៖ “សម្រាប់គោលបំណងនេះយើងចង់បង្កើតទីតាំងបញ្ចូលភ្លើងចំនួន ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០ ហើយឧស្សាហកម្មនឹងត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ វាគឺជាអ្វីដែលយើងនឹងនិយាយ”។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់មានកន្លែងសាកភ្លើងសាធារណៈចំនួន ២០,០០០កន្លែង ដែលចំនួននេះនៅមិនទាន់គ្រប់តាមគោលដៅនោះទេ។

ការប្រជុំនៅឯមន្ទីររដ្ឋមន្ដ្រីនោះ គឺជាការប្រជុំលើកទី២ ដែលទាមទារឱ្យមានការចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដូច្នេះវិស័យដឹកជញ្ជូនរបស់អាឡឺម៉ង់អាចជួយបំពេញគោលដៅបំភាយឧស្ម័នជាតិ។ កិច្ចប្រជុំនេះនឹងផ្តោតលើការជម្រុញកាត់បន្ថយប្រេងសាំង និងប្រេងម៉ាស៊ូត ទៅប្រើរថយន្តដែលដំណើរការកោសិកាឥន្ធនៈអ៊ីដ្រូសែន ក៏ដូចជារថយន្តដែលដំណើរការដោយអាគុយ ដោយរដ្ឋាភិបាល និងឧស្សាហកម្មនឹងចែករំលែកថ្លៃឧបត្ថម្ភធន ដើម្បីទាក់ទាញអ្នកទិញ។ រដ្ឋាភិបាលក៏មានគោលបំណងការពារការងារផលិតរថយន្ត និងគ្រឿងបន្លាស់ផងដែរ។ អ្នកស្រី Merkel មានប្រសាសន៍ថា៖ “យើងចង់នាំបុគ្គលិកជំនាញរបស់យើងធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ទំនើប និងមិនប៉ះពាល់អាកាសធាតុ”៕

អត្ថបទ៖ លីដា

Share This Post: