ម៉ាឡេស៊ីគ្រោងអនុញ្ញាតឲ្យពលរដ្ឋដាំដុះដំណាំកញ្ឆាបានសម្រាប់ប្រើប្រាស់ផលិតជាថ្នាំពេទ្យ
រដ្ឋាភិបាលម៉ាឡេស៊ីគ្រោងនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធដាំដំណាំកញ្ឆាសម្រាប់ប្រើប្រាស់នៅក្នុងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដូចជាការផលិតជាថ្នាំពេទ្យជាដើម តែមិនអនុញ្ញាតឲ្យប្រើប្រាស់និងចែកចាយជាគ្រឿងញៀននោះទេ។ នៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានពន្យល់ថា កញ្ឆាគឺជាវត្ថុធាតុដើមដ៏ល្អបំផុតសម្រាប់ស្រាវជ្រាវក្នុងវិស័យវេជ្ជសាស្ត្រ ជាពិសេសនោះគឺគេអាចចម្រាញ់ប្រេងកញ្ជាសម្រាប់ផលិតជាថ្នាំពេទ្យព្យាបាលជំងឺជាច្រើនប្រភេទយ៉ាងមានប្រសិទ្ធភាពរួមទាំងជំងឺគ្រុនឈាម និងមហារីកទៀតផង។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅរង់ចាំការប្រជុំពិភាក្សាអំពីលទ្ធភាព និងបច្ចេកទេសនៃការដាំដុះដំណាំប្រភេទនេះជាមួយនឹងក្រសួងធនធានទឹក និងក្រសួងកសិកម្មជាមុនសិន ដើម្បីស្វែងរកបច្ចេកទេសដាំដុះមួយដែលចំណាយថវិកាតិច តែទទួលទិន្នផលខ្ពស់។

សូមបញ្ជាក់ថា កញ្ឆាជាដំណាំមួយប្រភេទដែលគេអាចកែច្នៃផលិតជាគ្រឿងញៀនបាន ហើយដំណាំនេះត្រូវបានហាមឃាត់ដោយច្បាប់មិនឲ្យមានការដាំដុះជាសាធារណៈឡើយនៅក្នុងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ បើទោះជាយ៉ាងនេះក៏ដោយ ប្រទេសមួយចំនួននៅតែសម្រេចអនុញ្ញាតឲ្យមានការដាំដុះដំណាំប្រភេទនេះ ដោយគេនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតក្នុងការគ្រប់គ្រងនិងចែកចាយវា ជាក់ស្ដែងបច្ចុប្បន្ននេះនៅក្នុងប្រទេសថៃក៏មានការដាំដុះដំណាំកញ្ឆាសម្រាប់ប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្រ្តដែរ៕
អត្ថបទ៖ ភក្តី
