ព័ត៌មានជាតិ

លួចរថយន្តគេរួចបើកគេចខ្លួនក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់នៅនឹងកន្លែង

BY
Khmernote Media
November 7, 2019

កណ្តាល៖ បុរសម្នាក់លួចរថយន្តគេរួចបើកគេចខ្លួនក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង២០នាទី ចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចភូមិជ័យតូច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ភេទប្រុស អាយុ២០ឆ្នាំ ស្លៀកខោខូវប៊យជើងវែង ពាក់យឺតដៃខ្លីពណ៌ខ្មៅ​ បានស្លាប់នឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ស៊ន ម៉ាច ភេទ ប្រុសអាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ មានទីលំនៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បាត់បង់រថយន្ត ១គ្រឿង ម៉ាកCRVពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2Q-8086។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តាមទម្លាប់​រៀងរាល់ដង ជនរងគ្រោះតែងតែទុករថយន្តនៅមុខផ្ទះ លុះដល់ថ្ងៃទី០៦.១១.២០១៩ ម៉ោង២៣.៣០នាទីជនរងគ្រោះ បានចូលទៅដេក ។ រហូតដល់ម៉ោង២.២០ នាទីឈានចូលដល់ថ្ងៃទី០៧.១១.២០១៩​ ជនរងគ្រោះ​បានឮសំឡេងបញ្ឆេះរថយន្ត ពេលចេញពីក្នុងផ្ទះមកមេីលស្រាប់តែឃើញរថយន្តរបស់ខ្លួនត្រូវបានជនសង្ស័យលួចជិះបើក ចេញពីផ្ទះ ពីទិសខាងកេីត​ ឆ្ពោះមកទិសខាងលិច សំដៅមកឃុំរកាជន្លឹង បន្ទាប់មកជនរងគ្រោះបានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យធំ កម្លាំងប៉ុស្តិ៍និងជនរងគ្រោះ បានជិះម៉ូតូដេញតាម ពេលជិះហួសស្ពានប៉ាន់ណោ ប្រហែល២៥០ម៉ែត្រ​ ស្រាប់តែជនសង្ស័យបានជិះក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលស្លាប់តែម្តង ។ ករណីនេះកម្លាំងជំនាញចុះដល់កន្លែងកើតហេតុស្រាវជ្រាវ បក្ខពួកក្រុមជនសង្ស័យបន្តទៀត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

Share This Post: