អន្តរជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់ បានក្លែងប្រវត្តិរូបថារៀននៅហាវ៉ាដ ធ្វើការមនុស្សធម៌ជាមួយ UN និងបោកថាធ្លាប់នៅលើគ្របមុខរបស់ទស្សនាវដ្តី Time ទៀតផង

BY
Khmernote Media
November 14, 2019

មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសនៃរដ្ឋបាលលោកត្រាំ បាននិយាយបំផ្លើសអំពីប្រវត្តិរូបរបស់ខ្លួនដោយអះអាងថា នាងធ្លាប់ធ្វើការមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ ហើយថែមទាំងបានបង្កើតគម្របទស្សនាវដ្តី Time ក្លែងក្លាយជាមួយនឹងមុខរបស់នាងនៅលើនោះទៀតផង។ ស្ត្រីម្នាក់នោះឈ្មោះថា Mina Chang បានហៅខ្លួនឯងថាជាអតីតនិស្សិតនៃសាលាពាណិជ្ជកម្មហាវ៉ាដ ទោះបីជាការពិតនាងមិនបានសូម្បីតែបញ្ចប់សញ្ញាប័ត្រពី Ivy League ហើយបានរៀននៅវគ្គខ្លីនៅទីនោះតែ ៧សប្តាហ៍ កាលពីឆ្នាំ២០១៦ ក៏ដោយ។

នាង Mina Chang ដែលជាជំនួយការអនុរដ្ឋលេខាធិការនៃការិយាល័យជម្លោះ និងប្រតិបត្តិការស្ថេរភាពនៃក្រសួងការបរទេស ក៏បានបំផ្លើសផងដែរថា នាងធ្លាប់បានចូលរួមនូវតួនាទីមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបាននិយាយថា នាងធ្លាប់បានថ្លែងទៅកាន់សន្និបាតជាតិសាធារណរដ្ឋ និងប្រជាធិបតេយ្យ ដែលក្នុងពេលតែមួយនោះឯកសារផ្សេងទៀតរបស់ NBC បង្ហាញថា នាងនៅឯព្រឹត្តិការណ៍ផ្សេងទៀតទៅវិញទេ។ ស្ត្រីដែលមានវ័យ ៣៥ឆ្នាំ មកពីទីក្រុង Dallas ក៏បានលើកឡើងថា នាងធ្លាប់បាននិយាយនៅចំពោះមុខសភាផងដែរ។ ប៉ុន្តែនាង Chang ត្រូវបានគេនិយាយថា បាននិយាយបំផ្លើស ឬបំភាន់ប្រវត្តិរូបជាច្រើន ដែលធ្វើឱ្យមានការចោទជាសំណួរអំពីការឃ្លាំមើលរបស់រដ្ឋបាល។

នាង Mina Chang ក៏បានអះអាងថា ជានិស្សិតបញ្ចប់ការសិក្សានៃកម្មវិធីនៅមហាវិទ្យាល័យសង្គ្រាមកងទ័ពទៀតផង ទាំងដែលការពិតវាគ្រាន់តែជាកម្មវិធីសិក្ខាសាលារយៈពេល ៤ថ្ងៃ ស្តីពីសន្តិសុខជាតិប៉ុណ្ណោះ។ យ៉ាងណាក៏ដោយស្ថានការណ៍បានធូរស្រាលទៅវិញ ដោយការពិចារណាសម្រាប់តួនាទីថ្មីរបស់នាង បូកនឹងថវិកាជាង ១ពាន់លានដុល្លារ ត្រូវបានដកចេញទៅវិញនៅក្នុងខែកញ្ញា។ ខណៈពេលនេះគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាបានស្នើសុំព័ត៌មានស្តីពីសប្បុរសធម៌ និងបទពិសោធន៍ពិតរបស់នាង Chang បន្ថែម៕

អត្ថបទ៖ លីដា

Share This Post: