បាត់បង់សត្វផ្សោតទន្លេមេគង្គមួយទៀតហើយក្នុងខេត្តក្រចេះ
ឆ្មាំទន្លេប្រចាំប៉ុស្តិ៍កាំពីបានប្រទះឃើញសត្វផ្សោតញីមួយក្បាលបានស្លាប់នៅចំណុចអន្លង់ព្រះសង្ឃ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយស្ថានភាពផ្សោតស្លាប់ ហើម ធ្លាយពោះ។ ហេតុការណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមរយៈការធ្វើកោសល្យវិច័យ ក្រុមការងារស្រាវជ្រាវសត្វផ្សោតបានពិនិត្យឃើញថា សត្វផ្សោតដែលស្លាប់នោះ មានទម្ងន់ ១១០ គីឡូក្រាម និងមានប្រវែង ២២៧ សង់ទីម៉ែត ហើយមូលហេតុនៃការស្លាប់គឺបណ្តាលមកពីកន្លុយរបស់វាបានជាប់មងនេសាទ។ សត្វផ្សោតទន្លេមេគង្គ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៅតែទទួលរងការគម្រាមកំហែងដោយការនេសាទខុសច្បាប់ ហើយមងនេសាទខុសច្បាប់ក្នុងតំបន់ការពារសត្វផ្សោតនៅតែជាកត្តាចម្បងមួយនៃការស្លាប់របស់សត្វផ្សោតទន្លេមេគង្គ៕


ប្រភព និងរូបភាព៖ WWF-Cambodia