កំពុងជិះកង់ធ្វើលំហាត់ប្រាណសុខៗ ស្រាប់តែរថយន្តមួយបើកយ៉ាងលឿនមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ថៃ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯស្រុកយ៉ានតាខាវ ខេត្តត្រាង ប្រទេសថៃ ដោយបានសម្លាប់លោកតាម្នាក់ដែលកំពុងជិះកង់ធ្វើលំហាត់ប្រាណ។
តាមការរាយការណ៍បានឲ្យដឹងថាអ្នកស្លាប់មានឈ្មោះថា បាំរ៉ុង ភុធិថារ៉ាវ៉ាត់ អាយុ ៧៦ឆ្នាំ ជាមនុស្សមានសុខភាពល្អ ដោយភ្នែកគាត់នៅមើលឃើញច្បាស់ និងមានរាងកាយរឹងមាំ កំពុងជិះកង់ធ្វើលំហាត់ប្រាណដូចសព្វមួយដង នាពេលព្រឹក។
លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយដែលមានស្លាកលេខ 7กฬ 2870 ក្រុងថេបមហានគរ បើកបរយ៉ាងលឿនមកបុកពេញមួយទំហឹងខណៈពេលដែលលោកតាកំពុងជិះកង់ហាត់ប្រាណ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
អ្នកបើកបររថយន្តពុំត្រូវបានគេបញ្ចេញឈ្មោះនោះឡើយ ដោយគ្រាន់តែដឹងថាជាមនុស្សដែលមានវ័យ ៥១ឆ្នាំ ជាមន្ត្រីរាជការ ធ្វើការនៅក្រសួងហិរញ្ញវត្ថុ នៅឯខេត្តសុរ៉ាតថានី ដោយទទួលរងរបួសសន្លប់ស្មារតីនៅក្នុងរថយន្ត។ យ៉ាងណាមិញមន្ត្រីប៉ូលីសសម្រេចចិត្តបញ្ជូនជនបង្ករូបនេះទៅធ្វើការសម្រាកព្យាបាលសិន មុននឹងធ្វើការកាត់ទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ មេសា





