អន្តរជាតិ

ប្អូនថ្លៃបាញ់សម្លាប់បងថ្លៃខ្លួន ក្រោយអស់ភាពអត់ទ្រាំ​នឹងក្តីឈឺចាប់ដែលបងថ្លៃរំលោភកូនស្រីខ្លួន ហើយសំណាញ់ច្បាប់ហាក់មិនអើពើ

BY
Khmernote Media
November 19, 2019

ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីប្អូនថ្លៃបាញ់សម្លាប់បងថ្លៃខ្លួន បន្ទាប់ពីបានស៊ូទ្រាំនឹងភាពឈឺចាប់អស់រយៈពេល៥ឆ្នាំ ដោយបងថ្លៃរូបនោះបានរំលោភកូនស្រីខ្លួន ហើយសំណាញ់ច្បាប់ហាក់មិនអើពើចំពោះរឿងនេះ។

ករណីនេះត្រូវបានមហាជនថៃចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយពួកគេបានខំមិនយល់ចិត្តលោកឪពុករូបនេះព្រោះតែចង់ស្វែងរកភាពយុត្តិធម៌ជូនកូនស្រី តែការសម្លាប់មនុស្សគឺជាអំពើខុសច្បាប់។ បុរសដែលបានបាញ់សម្លាប់បងថ្លៃរបស់ខ្លួនមានឈ្មោះថា វិរោធន៍ អាយុ ៤៨ឆ្នាំ ដោយសម្លាប់បងថ្លៃខ្លួនដែលមានឈ្មោះថា ប្រាផាន់ អាយុ ៦៣ឆ្នាំឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលស្ថិតនៅឯខេត្តផាត់លុង ប្រទេសថៃ។

តាមរបាយការណ៍បានឲ្យដឹងថា កាលដែលលោក វិរោធន៍ ធ្វើបែបនេះព្រោះតែរូបលោកអស់ភាពអត់ទ្រាំនឹងការឈឺចាប់ ដោយកាលពី៥ឆ្នាំមុនបងថ្លៃរូបនោះបានរំលោភកូនស្រីខ្លួនដែលមានអាយុ១៣ឆ្នាំ។ លុះក្រោយមកលោកបានដាក់ពាក្យបណ្តឹងតែតុលាការហាក់មិនអើពើសោះឡើយ ដោយពីមួយថ្ងៃទៅមួយថ្ងៃបងថ្លៃរូបនេះនៅតែមានសេរីភាព មានភាពសុខសប្បាយ ខណៈពេលដែលកូនស្រីខ្លួនត្រូវបានបញ្ជូនទៅឲ្យរស់នៅជាមួយសាច់ញាតិនៅឯខេត្តផ្សេង ព្រោះតែនាងមានភាពខ្មាសអ្នកជិតខាង។

លុះក្រោយពីភាពអស់អំណត់អត់ទ្រាំនឹងការឈឺចាប់នេះ លោកបានយកកាំភ្លើងបាញ់ទៅលើបងថ្លៃខ្លួនចំនួន២គ្រាប់ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ លោកបានព្រមទទួលកំហុសដោយពុំរត់គេចវេសទៅណានោះឡើយ ដោយលោកស្ម័គ្រចិត្តទទួលការឃុំឃាំង និងកាត់ទោសពីសំណាញ់ច្បាប់៕

អត្ថបទ៖ មេសា

Share This Post: