អន្តរជាតិ

អ្នកដំណើរជាង៥០អ្នកភ័យលស់ព្រលឹង ក្រោយមានករណីឆេះរថយន្តក្រុងខណៈពេលដែលកំពុងធ្វើដំណើរទៅលេងស្រុក និងទៅការបងប្អូន

BY
Khmernote Media
November 19, 2019

ថៃ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីភ្លើងឆេះរថយន្តទេសចរណ៍មួយនៅឯប្រទេសថៃគួរឲ្យភ័យរន្ធត់ ព្រោះតែប្រសិនបើរថយន្តរូបនេះចតយឺតពេលតែបន្តិចមនុស្សដែលរួមដំណើរជាង៥០នាក់ទៀត នឹងត្រូវបាត់បង់ជីវិត។

ករណីភ្លើងឆេះរថយន្តនេះគឺស្ថិតនៅឯផ្លូវ កម.១៤៨ ស្រុកមនោរម្យ ខេត្តឆ័យណាត ប្រទេសថៃ ដោយភ្លើងបានឆេះរថយន្តក្រុង២ជាន់ ផ្ទុកអ្នកដំណើរជាង៥០នាក់។​ យោងតាមការសាកសួរអ្នកដំណើរបានឲ្យដឹងថា ពួកគេភាគច្រើនជាក្រុមគ្រួសារដែលកំពុងធ្វើដំណើរទៅការបងប្អូននៅឯខេត្ត គ្រប់គ្នាសំណាងល្អជាខ្លាំងដែលនៅមានជីវិត ប្រសិនបើពួកយើងធ្វើដំណើរពេលយប់វិញមុខជាស្លាប់ទាំងអស់គ្នាមិនខាន។

ពួកគេបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយរថយន្តមួយនេះមានបញ្ហានៅម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ ដោយមានទឹកហូរមិនឈប់ លុះក្រោយមកម៉ាស៊ីនត្រជាក់ចាប់ផ្តើមលេងត្រជាក់ មុននឹងចេញផ្សែងឡើងមក។ ពួកគេបានព្យាយាមប្រាប់អ្នកបើកបររថយន្តហើយ តែតៃកុងឡានរូបនោះមិនព្រមឈប់ លុះបន្តិចក្រោយមកផ្សែងកាន់តែច្រើនឡើងៗ រហូតក្មេងៗឈ្លក់ ហើយចាប់ផ្តើមជះចំហាយក្តៅចេញមក ទើបពួកគេនាំគ្នាស្រែកឲ្យតៃកុងឈប់ឡាន ដោយប្រាប់ថាភ្លើងឆេះឡានហើយ។

ជាសំណាងល្អតៃកុងឡានបានចត ឲ្យអ្នករួមដំណើរចុះទាន់ពេលវេលា ដោយមិនយូរប៉ុន្មានបន្ទាប់ពីពួកគេបានចុះរថយន្តទាំងមូលក៏ត្រូវឆាបឆេះដោយភ្លើងយ៉ាងសន្ធោសន្ធៅ មុននឹងមានការជួយធ្វើអន្តរាគមន៍ពីសំណាក់ក្រុមមន្ត្រីប៉ូលីស។ យោងតាមការសាកសួរអ្នកបើកបរបានឲ្យដឹងថា រូបគាត់ពុំដឹងនោះឡើយថាភ្លើងឆេះផ្នែកខាងក្រោយ គាត់ចេះតែបន្តបើក បើកទើបបានប្រមាណ១០គីឡូម៉ែត្រ ស្រាប់តែគេស្រែកថាភ្លើងឆេះ ធ្វើឲ្យភ័យឆោឡោ ហើយនេះជាលើកដំបូងដែលគាត់ជួបរឿងបែបនេះ៕

អត្ថបទ៖ មេសា

Share This Post: