ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់ ក្មេងៗបីនាក់ នាំគ្នាទៅលេងទឹក ក៏បណ្តាលឲ្យលង់ស្លាប់ ពេលដែលឪពុកម្តាយទៅធ្វើការ

BY
Khmernote Media
November 19, 2019

កោះកុង៖ ឪពុកម្ដាយទៅធ្វើការ កូនៗនៅផ្ទះ បបួលគ្នាទៅលេងទឹក ក៏បណ្ដាលអោយលង់ទឹកស្លាប់ទាំង៣នាក់តែម្ដង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវេលាម៉ោង ១៤:៤០ នាទីរសៀល នៅចំណុចលូទឹកក្បែរការរិយាល័យភូមិបាលស្រុក ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ក្មេងរងគ្រោះទី ១ មានឈ្មោះ ជឿន រក្សា ភេទប្រុស អាយុ ៧ ឆ្នាំ សិស្ស ត្រូវជាកូនរបស់ឈ្មោះ ងៀប ជឿន ភេទប្រុស អាយុ ៤៣ ឆ្នំា មុខរបរ កសិករ ,ក្មេងរងគ្រោះទី ២ មានឈ្មោះ ចិត្ត វិរីត ភេទប្រុស អាយុ ៥ ឆ្នាំ សិស្ស ត្រូវជាកូនរបស់ឈ្មោះ ចិត្ត ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរកសិករ និង ក្មេងរងគ្រោះទី ៣ មានឈ្មោះ ឆៃ សៀវវើ ភេទស្រី អាយុ ៣ ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះ ធឿន វិឆៃ ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ ក្មេងរងគ្រោះ រស់នៅផ្ទះជិតៗគ្នា។

នៅពេលបានទទួលពត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ បានសហការជាមួយផ្នែកជំនាញអធិការស្រុក ចុះធ្វើកោសល្យវិច័យសព ក្រោយពិនិត្យរួច បានបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ បច្ចុប្បន្ន ប៉ុស្ដិ៍នគរបាលរដ្ឋបាល បានធ្វើកណត់ហេតុប្រគល់សាកសពទាំង ៣ ជូនដល់អាណាព្យាបាល យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង

Share This Post: