ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញលិខិតផ្អាកការដ្ឋានសំណង់អគារ៤២ជាន់ និងតម្រូវឲ្យម្ចាស់អគារអនុវត្ត៣ចំនុចនេះភ្លាម
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ដោយធ្លាក់ដែកពីលើអគារ៤២ជាន់ត្រូវចំរថយន្តស៊េរីទំនើបម៉ាក មែកសឺដេស ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយកើតហេតុការណ៍នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតផ្អាកការងារសាងសង់បណ្តោះអាសន្ននៅការដ្ឋានសំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម (GOLD TOWER 42) មានទីតាំងស្ថិតនៅលើមហាវិថីព្រះសីហនុ កែមហាវិថីព្រះមុនីវង្ស ភូមិត ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ចាស់សំណង់អគារ។ ហើយក្រសួងក៏បានតម្រូវឲ្យអនុវត្តតាមការណែនាំចំនួន៣ចំនុចដូចខាងក្រោម៖

១. ត្រូវរុះរើចេញកន្ត្រកយោងសម្ភារៈ ដែលនៅជាប់តាមបណ្តោយផ្លូវសាធារណៈ
២. ត្រូវរកក្រុមហ៊ុនឯកទេសផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និងបញ្ជាក់អំពីសុវត្ថិភាពការដ្ឋានរបស់ការដ្ឋាន ដែលបានចុះបញ្ជីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. ការដ្ឋានអាចបន្តការសាងសង់បាន លុះត្រាតែមានលិខិតអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


អត្ថបទ៖ សេម
