រថយន្ត

TESLA បង្ហាញរថយន្តភីកអាប់ថ្មី Cybertruck សាកភ្លើងម្តងអាចជិះបាន ៨០០គីឡូម៉ែត្រ

BY
autoadmin
November 22, 2019

នៅក្នុងពិព័រណ៍រថយន្តទីក្រុង Los Angeles ថ្ងៃព្រហស្បតិ៍នេះ លោក Elon Musk បានប្រកាសពីវត្តមាននៃរថយន្តភីកអាប់ Tesla Cybertruck ដ៏អស្ចារ្យដែលខ្លួនធ្លាប់បានសន្យារាប់ឆ្នាំមកហើយ។ សម្រាប់ព័ត៌មានត្រួសៗលើគម្រោងរថយន្តភីកអាប់នេះ Tesla បានឱ្យដឹងថា វាមានមកជាមួយនឹង 3ជម្រើស។ រថយន្ត Cybertruck នឹងមានជាប្រភេទជិះបាន 250ម៉ាយ, 300ម៉ាយ និង 500ម៉ាយ (800គីឡូម៉ែត្រ) រាល់ពេលសាកថ្មម្ដង ហើយចំពោះតម្លៃរបស់វាគឺចាប់ពី 39,900ដុល្លារអាមេរិក។

ក្រៅពីភីកអាប់អគ្គិសនីនេះ Tesla ក៏បានបង្ហាញនូវយានមួយផ្សេងទៀតដែរ នោះគឺម៉ូតូកង់4 ATV ប្រភេទអគ្គិសនីដូចគ្នា។ ក្រុមហ៊ុនមិនបានបង្ហាញថា ATV នឹងចេញលក់នៅពេលណានោះទេ ប៉ុន្តែអ្វីដែលសំខាន់ Tesla ចង់បង្អួតថា ម៉ូតូនេះគឺអាចសាកថ្មបានពីឃ្លុបខាងក្រោយរបស់ Cybertruck ។ សម្រាប់ការផលិតរបស់ Tesla Cybertruck វាត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមផលិតនៅចុងឆ្នាំ2021។ ជាក់ស្ដែង ឆ្នាំ2021 ក៏ជាឆ្នាំដែល Ford សន្យាបញ្ចេញរថយន្តភីកអាប់អគ្គិសនីរបស់ខ្លួនផងដែរ។ ដូច្នេះយើងអាចយល់បានថា ក្រុមហ៊ុនទាំងពីរកំពុងក្លាយជាគូប្រជែងគ្នានៅក្នុងទីផ្សារភីកអាបនេះ៕

អត្ថបទ៖​ លីដា

Share This Post: