រថយន្ត

ទោះត្រូវសើចចំអក និងទទួលការរិះគន់យ៉ាងណា រថយន្តភីកអាប់ Cybertruck ទទួលការកក់រហូតដល់ទៅ 200,000គ្រឿង ត្រឹមរយៈពេល 2ថ្ងៃប៉ុណ្ណោះ

BY
autoadmin
November 25, 2019

ទោះបីជារថយន្តភីកអាប់អគ្គិសនីថ្មីរបស់ Elon Musk កំពុងត្រូវបានគេសើចចំអក និងទទួលការរិះគន់ពីសំណាក់ប្រជាជននៅទូទាំងពិភពលោកក៏ដោយ វាហាក់ដូចជាអ្នកគាំទ្រនៅតែមានចំណង់ខ្លាំងលើយាននេះ។ នៅពេល Cybertruck បានបង្ហាញខ្លួននៅចុងសប្តាហ៍មុន មានមនុស្សមួយចំនួនប្រៀបធៀបវាទៅនឹងពេល Homer Simpson បានបង្ហាញស្នាដៃរចនារថយន្ត នៅពេលដែលក្រុមហ៊ុនបងប្រុសរបស់គាត់ពឹងពាក់គាត់ឱ្យជួយ ហើយអ្នកផ្សេងទៀតបានប្រៀបធៀបវាជាឡានដែលមាននៅក្នុងហ្គេមវីដេអូ Lara Croft: Tomb Raider ពីឆ្នាំ1996។

ប៉ុន្តែបើតាមលោក Elon Musk គាត់បានបង្ហោះនៅលើ Twitter ថាមានការបញ្ជាទិញយានយន្តកើនដល់ចំនួន 200,000គ្រឿង បន្ទាប់ពីរយៈពេល ២ថ្ងៃ ហើយចំនួននេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ការពិតទៅនៅថ្ងៃបង្ហាញខ្លួនរបស់ Cybertruck ក៏វាមិនបានរលូនទៅតាមគម្រោងនោះទេ ដោយសារតែនៅពេលធ្វើតេស្តលើកញ្ចក់ឡាន កញ្ចក់បានប្រេះ ហើយចំណុចនេះលោក Musk ក៏បាននិយាយថា វាជាចំណុចដែលត្រូវកែប្រែបន្ថែម។ គួររំលឹកដែរថា Cybertruck គឺផលិតពីដែកអ៊ីណុកធន់ធ្ងន់ និងអាចបើកចម្ងាយរហូតដល់ 500ម៉ាយល៍ (800គីឡូម៉ែត្រ) តម្លៃចាប់ផ្តើមពី 39,990 រហូតដល់ 76,900ដុល្លារ ហើយចាប់ផ្តើមផលិតនៅឆ្នាំ 2021 ៕

អត្ថបទ៖ លីដា

Share This Post: