ក្រុមហ៊ុនដឹកជញ្ជូនចិនមួយបានប្រកាសថា នឹងដាក់សេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិឆាប់ៗនេះនៅក្នុងទីក្រុងសៀងហៃ
រថយន្ត November 25, 2019 lyda

ចិន៖ ប្រជាជននៅទីក្រុងសៀងហៃនឹងលែងមានការព្រួយបារម្ភអំពីការធ្វើបាប ឬសម្លាប់ដោយអ្នកបើកបរគ្មានអត្តសញ្ញាណទៀតហើយ ព្រោះពេលនេះក្រុមហ៊ុន Didi Chuxing ដែលជាក្រុមហ៊ុនដឹកជញ្ជូនយក្សបានប្រកាសថា ខ្លួននឹងចាប់ផ្តើមសេវាកម្មតាក់ស៊ីដោយស្វ័យប្រវត្តិ (robo-taxi service) នៅក្នុងទីក្រុងនាពេលខាងមុខនេះ ប៉ុន្តែពួកគេនៅមិនទាន់បញ្ជាក់ថ្ងៃជាក់លាក់នៅឡើយទេ គ្រាន់តែថា “ឆាប់ៗនេះ” ប៉ុណ្ណោះ។ នៅឯព្រឹត្តិការណ៍បច្ចេកវិទ្យាមួយនៅទីក្រុងក្វាងចូវកាលពីថ្ងៃអង្គារ អនុប្រធានក្រុមហ៊ុន Didi Chuxing លោក Tiger Qie បានប្រកាសថា សេវាកម្មនេះនឹងចាប់ផ្តើមដំណើរការក្នុងពេលឆាប់ៗនេះនៅឯក្រុងសៀងហៃ ដែលអ្នកអាចជិះចេញពីរថយន្តបើកបរដោយខ្លួនឯងតាមរយៈកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុន។

សេវាកម្មសម័យអនាគតនេះធ្លាប់ត្រូវបានគេលើកឡើងរួចមកហើយដែរ ដោយកាលនោះស្ថាបនិក Didi Chuxing លោក Cheng Wei បានបង្ហាញវានៅឯសន្និសីទមួយ នៅឯសៀងហៃកាលពីចុងខែសីហា។ លោក Tiger Qie បាននិយាយថា ចលនានេះនឹងជួយឱ្យ Didi កាន់តែកើនឡើងតម្រូវការ ប៉ុន្តែយ៉ាងណាក្រុមហ៊ុនក៏មិនកាត់ចោលអ្នកបើកបរទាំងស្រុងដែរ។ ទោះយ៉ាងណាគេឃើញថា អ្នកបើកបរតាក់ស៊ីបានបង្កជាបញ្ហាទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយកន្លងមកមានអ្នកដំណើរស្រីពីរនាក់ត្រូវបានសម្លាប់ក្រោមស្នាដៃអ្នកបើកបរតាក់ស៊ី ហើយបានធ្វើឱ្យក្រុមហ៊ុនត្រូវប្រឈមនឹងការព្យួរសេវាកម្ម និងត្រូវកែប្រែច្បាប់មួយចំនួន។ ហេតុផលនេះហើយដែលធ្វើឱ្យក្រុមហ៊ុនផ្តោតលើសេវាកម្មស្វ័យប្រវត្តិនេះ ប៉ុន្តែយ៉ាងណាយើងមិនដឹងថាវាសុវត្ថិភាពប៉ុណ្ណានោះទេ ប្រសិនបើគ្មានអ្នកបើកបរដើម្បីគ្រប់គ្រងរថយន្តបែបនេះ៕

អត្ថបទ៖ លីដា