ឯកឧត្តម គួច ចំរើន អញ្ជើញទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៧៨៩នាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ចូលចត ធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ធ្វើដំណើរតាមនាវាទេសចរណ៍ VIKING ORION ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីកំពង់ផែ ក៏ដូចជាមន្ទីរទេសចរណ៍រៀបចំកែលម្អសោភ័ណភាព បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភាព និងរៀបចំបង្គន់អនាម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស ត្រូវការបង្គន់អនាម័យនៅពេលរង់ចាំនៅទីលានកំពង់ផែ ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨.៨០ម៉ែត្រ ទទឹង ២៨.៨០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ។ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៧៨៩នាក់, ស្រី ៤១៩នាក់, មាន ១២សញ្ជាតិ និងមាននាវិកសរុប ៤៥៨នាក់, ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ។ នាវា VIKING ORION ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីដែនសមុទ្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ៕





ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ