រថយន្ត

លោក Elon Musk និយាយថា មិនខ្លាចការប្រកួត ១ ទល់ ១ ជាមួយ F-150 របស់ក្រុមហ៊ុន Ford នោះទេ

BY
autoadmin
November 26, 2019

ប៉ុន្មានថ្ងៃមុននេះនៅឯកម្មវិធីដាក់បង្ហាញរថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវវីដេអូមួយដែលបង្ហាញថា ភីកអាប់អគ្គិសនីរបស់គាត់ គឺអាចទាញឈ្នះ F-150 របស់ក្រុមហ៊ុន Ford ឡើងភ្នំបានយ៉ាងងាយ។ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានត្អូញត្អែរថា វាមិនមែនជាការប្រៀបធៀបស្មើភាពគ្នានោះទេ ព្រោះថា Cybertruck (AWD) បានទាញឈ្នះរថយន្ត F-150 (RWD) ដែលជាប្រភេទ spec អន់ជាងតែប៉ុណ្ណោះ។ ពោលគឺអ្នកគាំទ្រចង់ឱ្យមានការប្រកួតគ្នាមួយដែលស្មើភាពគ្នា ហើយសូម្បីតែអនុប្រធានក្រុមហ៊ុន Ford ក៏គាត់គិតថា គួរតែមានការប្រកួតឱ្យយុត្តិធម៌ផងដែរ។

ជាក់ស្ដែងបន្ទាប់ពីបានឃើញវីដេអូ F-150 ទាញចាញ់ Cyberruck ហើយនោះ លោក Sunny Madra អនុប្រធានក្រុមហ៊ុន Ford X បានឆ្លើយតបទៅវិញ ដោយស្នើឱ្យលោក Elon Musk ប្រគល់ Cyberruck ឱ្យខ្លួនមួយគ្រឿង ព្រោះធ្វើបែបនេះគាត់នឹងអាចធ្វើការប្រៀបធៀបដោយខ្លួនឯងដែរ។ បន្ទាប់មកលោក Elon Musk ក៏បានធ្លើយទៅវិញថា “ចូលមក!” (Bring it on) ដែលមានន័យថា គាត់មិនខ្លាចនឹងធ្វើតេស្តមួយទល់មួយ ជាមួយ F-150 នោះទេ។ វាពិតជាគួរឱ្យរំភើបជាងការប្រកួតរវាង Tesla និង Porsche នៅឯផ្លូវប្រណាំង Nurburgring ក្នុងប្រទេសអាឡឺម៉ង់ទៅទៀត ប្រសិនបើវានឹងកើតឡើងមែននោះ។ ហើយបើវានឹងកើតឡើងមែននោះ ប្រហែលជាក្រុមហ៊ុន Ford នឹងយកភីកអាប់ប្រភេទចាក់ហ្គាស់ ឬ F-150 អគ្គិសនី (prototype) ដែលអូសបាន ១,០០០,០០០ផោន ទៅប្រកួតជាមួយ Cybertruck មិនខាន៕

អត្ថបទ៖ លីដា

Share This Post: