ព័ត៌មានជាតិ

តៃកុងឡានដឹកភ្ញៀវទេសចរចិន ហើយជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើង រួចរត់បាត់ស្រមោលនោះ ឥលូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

BY
Khmernote Media
November 30, 2019

ទីបំផុតជនត្រូវចោទ ដែលបានរត់គេចខ្លួនជិត០៤ខែ ដែលជាតៃកុងឡានសាំងយុង ដឹកភ្ញៀវទេសចរចិន ហើយបង្កគ្រោះថ្នាក់អោយរបួសដល់ភ្ញៀវទេសចរ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើភ្នំគូលេន ស្រុកស្វាយលើ ត្រូវបានកំលាំងផែនការងារសន្តិសុខ​ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវរកឃេីញ​ ដោយ សហការជា​មួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន​ របស់លោក​ មុយ សុភ័ក្រ្ត ជាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប ហើយនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ បច្ចុប្បន្ន​ជនត្រូវចោទ​ ​ត្រូវបានឃាត់​ខ្លួន​និងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បី​ចំណាត់​ការ​តាមនីតិវិធីច្បាប់​។

គួររំលឹកផងដែរថា កាលពីនៅថ្ងៃទី២១ ខែ កក្កដាឆ្នាំ២០១៩ មានករណីរថយន្តមួយគ្រឿងដឹកភ្ញៀវទេសចរជនជាតិចិន ក្រឡាប់ផ្ងារជើង ខណៈបើកចុះពីភ្នំគូលែនតាមច្រកខាងកើត បណ្តាលឲ្យរងរបួសជនជាតិចិនប្រុសស្រីចំនួន១៣នាក់ ដែលហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលែនថ្មីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត និងមគ្គទេសក៍ នាំគ្នារត់គេខ្លួនបាត់ស្រមោលអស់៕

ប្រភព៖ ឧត្តមសេនីយ៍ ហួត សុធី

Share This Post: