ទឹកទន្លេមេគង្គបានស្រករីងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យទឹកទន្លេមានពណ៌ខៀវគួរឱ្យបារម្ភ
ថៃ៖ ទន្លេមេគង្គដ៏អស្ចារ្យរបស់យើងបានឈានដល់ចំណុចយ៉ាងគួរឱ្យគត់សម្គាល់មួយ ដោយពេលនេះវាកំពុងប្រែជាពណ៌ខៀវលាយបៃតង ដូចជាពណ៌ទឹកសមុទ្រ កន្លែងខ្លះទៀតមានខ្សាច់លេចផុសឡើង ហើយកន្លែងខ្លះទៀតមានខ្សាច់លេចប្រវែងដល់រាប់គីឡូម៉េត្រទៀតផង។ លោក Arthit Panasoon ប្រធានក្រុមអភិរក្សបរិស្ថានក្នុងខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃ បាននិយាយនៅថ្ងៃនេះថា ការផ្លាស់ប្តូរពណ៌ទឹកដ៏កម្រនេះ ទោះបីជាមានការទាក់ទាញ និងទាក់ភ្នែកក៏ដោយ ប៉ុន្តែវាគឺជាសញ្ញាអាប់អួរមួយដែលបង្ហាញថា ទឹកទន្លេកំពុងរីងស្ងួតខ្លាំង។

លោកបានពន្យល់ថា ពេលនេះជម្រៅទឹកជាមធ្យមគឺប្រហែលមួយម៉ែត្រ និងទាបបំផុតក្នុងរយៈពេលជាង ៥ទសវត្សរ៍ ចុងក្រោយនេះ។ ដោយសារតែទឹករាក់ពេក ទឹកទន្លេហូរយឺតៗបណ្តាលឱ្យដីល្បាប់ដែលមានប្រតិកម្មជាមួយថ្មភក់នៅតាមមាត់ទន្លេ ប្រែទៅជាពណ៌ខៀវបៃតង។ លោកបានកត់សម្គាល់ថា រដូវប្រាំងទើបតែបានចាប់ផ្តើម ហើយវានឹងមានរយៈពេល ៦ខែទៀត មុនពេលមានភ្លៀងធ្លាក់ចុះមក ប៉ុន្តែទឹកទន្លេមេគង្គបានរីងស្ងួតពីឥឡូវរួចទៅហើយ ដោយសារទំនប់នៅក្នុងប្រទេសចិន និងឡាវ និងការប្រែប្រួលអាកាសធាតុ។ ដោយសារទឹករាក់នាវាទេសចរណ៍មេគង្គផារ៉ាដាយ Mekong Paradise ត្រូវផ្អាកប្រតិបត្តិការនៅថ្ងៃទី២៨ ខែវិច្ឆិកា ហើយកសិករដែលធ្លាប់តែដងទឹកពីដងទន្លេ ត្រូវពង្រីកប្រព័ន្ធបំពង់ទឹកបន្ថែមជាដើម៕


អត្ថបទ៖ លីដា