បច្ចេកវិទ្យា

សិង្ហបុរីទើបតែអនុវត្តច្បាប់បង្ហោះព័ត៌មានក្លែងក្លាយថ្មី ដោយវានឹងប្រាប់អ្នកប្រើប្រាស់ Facebook នៅពីក្រោមការបង្ហោះនោះតែម្ដង

BY
autoadmin
December 2, 2019

ក្រុមហ៊ុន Facebook បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានចេញសេចក្តីជូនដំណឹងស្តីពីការកែតម្រូវលើការបង្ហោះរបស់អ្នកប្រើប្រាស់ តាមសំណើរបស់រដ្ឋាភិបាលសិង្ហបុរី ប៉ុន្តែពួកគេក៏បានអំពាវនាវឱ្យមានវិធីសាស្ត្រវាស់វែង ដើម្បីអនុវត្តច្បាប់ព័ត៌មានក្លែងក្លាយថ្មីនៅក្នុងរដ្ឋផងដែរ។ សេចក្តីជូនដំណឹងពីពត៌មានពិត ឬមិនពិតនេះ ត្រូវបានមើលឃើញតែចំពោះអ្នកប្រើប្រាស់សិង្ហបុរីប៉ុណ្ណោះ។ ពោលគឺនៅពេលដែលការបង្ហោះណាមួយទាក់ទងនឹងសិង្ហបុរី ហើយវាជាព័ត៌មានមិនពិត Facebook នឹងនិយាយថា “Facebook ត្រូវបានស្នើសុំដោយស្របច្បាប់ដើម្បីប្រាប់ដល់អ្នកថា រដ្ឋាភិបាលសិង្ហបុរីនិយាយថា ការបង្ហោះនេះជាព័ត៌មានមិនពិត”។

រដ្ឋាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានណែនាំក្រុមហ៊ុន Facebook ឱ្យចេញ “សេចក្តីជូនដំណឹងស្តីពីការកែតម្រូវការបង្ហោះ” កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ទៅលើការបង្ហោះមួយ ដែលការចោទប្រកាន់អំពីការចាប់ខ្លួនអ្នកផ្សាយព័ត៌មាន និងការបន្លំសន្លឹកឆ្នោត។ សិង្ហបុរីដែលនឹងត្រូវមានការបោះឆ្នោតទូទៅក្នុងរយៈពេលប៉ុន្មានខែទៀតនោះ បាននិយាយថា ការចោទប្រកាន់នេះគឺមិនពិត និងមិនត្រឹមត្រូវនោះទេ។ ហើយដំបូងឡើយរដ្ឋាភិបាលក៏បានបញ្ជាឱ្យអ្នកបង្ហោះដើមឈ្មោះ Alex Tan ដែលជាម្ចាស់ប្លុក States Times Review ចេញសេចក្តីជូនដំណឹងស្តីពីការកែតម្រូវនៅលើការបង្ហោះរបស់គាត់ដែរ ប៉ុន្តែលោក Tan បានប្រកែក ហើយពេលនេះគាត់កំពុងស្ថិតក្រោមការស៊ើបអង្កេត៕

អត្ថបទ៖ លីដា

Share This Post: