ក្រោយរងព្យុះភ្លៀងមួយរយៈមក មុននេះកីឡាករ កែវ សុខផេង បានបង្ហោះសារឲ្យដឹងថា….
បន្ទាប់ពីក្រុមបាល់ទាត់កម្ពុជាបានប្រកួតចាញ់ក្រុមវៀតណាមក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីប៉ុន្មានថ្ងៃកន្លងរួចមក យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចបានបញ្ចេញមតិបែបរិះគន់មកលើកីឡាករ កែវ សុខផេង ជុំវិញបញ្ហារឿងខ្សែប្រយុទ្ធដ៏ឆ្នេីមរបស់ក្រុមជម្រើសជាតិកម្ពុជារូបនេះ ជាប់ខ្សែស្រឡាយមានម្តាយជាជនជាតិវៀតណាមទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់លោក ក៏ដូចជា Fan របស់លោកយ៉ាងខ្លាំង។
បន្ទាប់ពីរងព្យុះភ្លៀងមួយរយៈនេះរួចមក កីឡាករ កែវ សុខផេង ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣០នេះ។ យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង! សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា! (សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)”៕

អត្ថបទ៖ សេម




