គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក ចេញសេចក្តីបំភ្លឺ ជុំវិញបញ្ហា ទូក ង វែងជាងគេលើពិភពលោក “កម្ពោជិកបុត្តាខេមរាតរី” បែរទុកចោលហាលវាលក្រោមដំបូលធ្លុះធ្លាយទៅវិញ
កាលពីពេលថ្មីៗនេះ មានការលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដែលបានបំបែកកំណត់ត្រាជា ទូក ង វែងជាងគេលើពិភពលោក បែរជាត្រូវបានគេយកមកទុកចោលនៅក្រោមដំបូលធ្លុះធ្លាយទៅវិញ ដែលធ្វើឲ្យមហាជនជាច្រើនហាក់មិនពេញចិត្តទាល់តែសោះ។ ជុំវិញករណីនេះ គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូក ង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក បានធ្វើការបំភ្លឺថា៖

+ គណៈកម្មការ បានជម្រាបជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័ក្តិសមបំផុតនៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយគណៈកម្មការក៏បានរៀបចំប្លង់សាងសង់រួចរាល់ផងដែរ។
+ តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពង់សាងសង់ថ្មី ប៉ុន្តែការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់ ហើយឆ្នាំនេះកម្ពស់ទឹកនៅមុខសាលាខេត្តទាបពេក ឆាប់ហក់ឡើង ហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផលដល់ការចល័តទូកចេញពីរោងបណ្តោះអាសន្ននោះឡើយ។
+ គណៈកម្មការ ទទួលស្គាល់ថា ស្ថានភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ធ្លុះធ្លាយដំបូលដោយអន្លើរប្រាកដមែន សភាពនេះបណ្តាលមកពីរោងទូកលិចទឹក និងអាកាសធាតុកន្លងទៅដែលកម្ពុជាយើងទទួលរងសម្ពាធជាបន្តបន្ទាប់នាំឲ្យខ្យល់ភ្លៀងប៉ះពាល់ដល់រោងទូក។ កាលពីសប្តាហ៍មុន គណៈកម្មការបានសម្រេចគម្រោងថវិកា ដើម្បីជួសជុលរោងទូករួចរាល់ហើយ ដោយរង់ចាំទឹកស្រក និងស្ងួតដីបន្តិច ទោះជាបែបនេះក្តីគណៈកម្មការក៏បានចាត់ចែងក្រុមការងារចុះជួសជុលរោង និងសំអាតទីតាំងនោះបណ្តើរៗហើយ ដោយកំណត់ថាក្នុងសប្តាហ៍នេះក្រុមការងារនឹងចាប់ផ្តើមរៀបចំឡើងវិញទាំងស្រុង។

អត្ថបទ៖ សេម
