ក្មេងស្រីហុងកុងម្នាក់ត្រូវបានតុលាការផ្តន្ទាទោសរយៈពេល១២ខែ ក្រោយនាងបានដុតបំផ្លាញទង់ជាតិនៃប្រទេសចិន
ហុងកុង៖ ក្មេងស្រីហុងកុងវ័យ ១៣ ឆ្នាំ ម្នាក់ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យនៅក្រៅឃុំរយៈពេល ១២ ខែ ក្រោយរូបនាងបានដុតបំផ្លាញទង់ជាតិចិនក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលហុងកុង។ តាមរយៈវីដេអូបានបង្ហាញថា ក្មេងស្រីរូបនេះរួមជាមួយនិងមនុស្សពីរនាក់ផ្សេងទៀតបានយកដែកកេះដុតបំផ្លាញទង់ជាតិនៃប្រទេសចិននៅពីមុខសាលាក្រុង Tuen Mun ខណៈដែលមុខមាត់របស់ក្មេងស្រីរូបនេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ទើបគេអាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់នាងបាន។
សូមបញ្ជាក់ថា ការដុតបំផ្លាញទង់ជាតិជាសាធារណៈត្រូវបានគេចាត់ទុកថា ជាសកម្មភាពប្រមាថជាតិយ៉ាងខ្លាំង និងជាបទឧក្រិដ្ឋកម្រិតធ្ងន់មួយផងដែរ។ កន្លងមក មានយុវជនហុងកុងវ័យ ២១ឆ្នាំម្នាក់ ដែលបានធ្វើសកម្មភាពដូចគ្នានេះក៏ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល ២០០ ម៉ោង (ជាង ៨ ថ្ងៃ) ផងដែរ។ ដោយឡែកចំពោះករណីខាងលើនេះ ដោយសារតែក្មេងស្រីហុងកុងមិនទាន់គ្រប់អាយុសម្រាប់ធ្វើការឃុំឃាំង ទើបតុលាការសម្រេចផ្តន្ទាទោសរយៈពេលវែងរហូតដល់ ១២ខែ តែអនុញ្ញាតឲ្យនាងនៅក្រៅឃុំ៕

អត្ថបទ៖ភក្តី