រថយន្ត

ចិនទើបតែដាក់បង្ហាញរថភ្លើងអគ្គិសនីស្វ័យប្រវិត្តថ្មី មិនបាច់បើកលើផ្លូវរថភ្លើងឡើយ គឺបើកបរតាមគំនូសផ្លូវ ដែលគេគូស

BY
autoadmin
December 16, 2019

ថ្មីៗនេះប្រទេសចិនទើបនឹងដាក់បង្ហាញមធ្យោបាយដឹកជញ្ជូនយ៉ាងថ្មីសន្លាងមួយប្រភេទ ដែលរថយន្តក្រុង ឬសេវាសាធារណៈធម្មតា មិនអាចធ្វើបាននោះទេ។ នោះគឺមធ្យោបាយស្វយ័តល្បឿនលឿន ឬ ART (Autonomous Rail Rapid Transit) ដែលវាជាសេវារថភ្លើងអគ្គិសនី (Tram) បើកដោយឯកឯង (ប៉ុន្តែត្រូវការអ្នកប្រចាំការម្នាក់) ហើយវាត្រូវបើកនៅលើគំនូសផ្លូវរថភ្លើងនិម្មិត ដែលចាប់សញ្ញាតាមរយៈសេនស័រកាមេរ៉ារបស់រថភ្លើងអគ្គិសនីមួយនោះផ្ទាល់។ វាត្រូវបានបើកដំណើរការសម្រាប់ការប្រើប្រាស់ជាលើកដំបូងនៅក្នុង ទីក្រុងស៊ីឈួន ហើយរំពឹងថាអាចបម្រើអ្នកដំណើរចំនួន ១០,០០០នាក់ រៀងរាល់ថ្ងៃ ហើយរហូតដល់ ២៥,០០០នាក់ នៅពេលដែលផ្លូវនេះអភិវឌ្ឍរួចរាល់ជាស្ថាពរ។

ក្រុមហ៊ុនចិន CRRC ដែលជាម្ចាស់នៃសេវាកម្មនេះ បានចាប់ផ្តើមអភិវឌ្ឍ ART តាំងពីឆ្នាំ២០១៣ ដែលវាជាមធ្យោបាយមួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅតាមទីប្រជុំជនមានមនុស្សរស់នៅច្រើន។ វាត្រូវបានគេគិតថា ជាជម្រើសតម្លៃថោកជាងធៀបទៅនឹងម៉េត្រូ ឬរថភ្លើង (Tram) ខណៈពេលដែលវាមិនប៉ះពាល់បរិស្ថាន។ ART ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ២០១៧ នៅទីក្រុងហ៊ូណាន ហើយចាប់តាំងពីពេលនោះមកមានការធ្វើតេស្តមួយចំនួន រួមមានការធ្វើតេស្តមួយនៅវាលខ្សាច់ទីក្រុងដូហា ប្រទេសកាតា ដែលសេចក្តីរាយការណ៍ថា ART នឹងផ្តល់ការដឹកជញ្ជូនអំឡុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ទៀតផង។ ផ្លូវគំនូសនិម្មិតនេះរត់ចម្ងាយ ១១ម៉ាយល៍ (១៧.៧គម) ឆ្លងកាត់កណ្តាលទីក្រុងយូប៊ីន ហើយចំណាយថវិកាប្រមាណ ១.១២ ពាន់លានយ័ន ឬ ១៦១លានដុល្លារ ដើម្បីសាងសង់៕

អត្ថបទ៖ លីដា

Share This Post: